ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជិត ៥០ ប៊ីលានដុល្លារក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៤
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ១១ ខែ (មករា-វិច្ឆិកា) នៃឆ្នាំ២០២៤ នេះ សម្រេចបាននូវទំហំទឹកប្រាក់ ៤៩,៨៧ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ១៧,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានជាង ៤២,៥ ប៊ីលានដុល្លារ។
ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជាមានទំហំទឹកប្រាក់ ២៣,៩៣ ប៊ីលានដុល្លារ កើនឡើង ១៦,៨% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៥,៩៤ ប៊ីលានដុល្លារ កើនឡើង ១៧,៩%។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានឱ្យដឹងថា ទន្ទឹមនឹងកម្ពុជាអាចបំពេញតាមលក្ខខណ្ឌរបស់ប្រទេសដែលមានតម្រូវការ ហើយតម្រូវការទីផ្សារអន្តរជាតិ ដូចជាសហរដ្ឋអាម៉េរិក និងទីផ្សារអឺរ៉ុបកើនឡើង ជាហេតុធ្វើឱ្យការនាំចេញរបស់កម្ពុជាមានកំណើន។
ការបញ្ជាទិញពីកម្ពុជា គឺផ្ដោតលើទំនិញកាត់ដេរ សម្លៀកបំពាក់ និង សម្ភារៈធ្វើដំណើរ ដែលសុទ្ធតែជាទំនិញអាទិភាព ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ការនាំចេញផលិតផលស្បែកជើង និងវាយនភណ្ឌ មានការកើនឡើងប្រមាណ ២០% នៅក្នុងឆ្នាំ២០២៤។ ដោយឡែក ការនាំចេញផលិតផលកសិកម្ម ក៏មានកំណើនដែរនៅឆ្នាំ២០២៤នេះ ខណៈកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្ដាប្រទេសធំៗដែលជាដៃគូ ទាំងទ្វេភាគី និងពហុភាគី ក្នុងនោះមាន ប្រទេសចិនដែលបានទិញទំនិញកសិផលមួយចំនួនពីកម្ពុជា ដូចជាអង្ករ ស្វាយកែវរមៀត និង ចេកអំបូងលឿងជាដើម។
ទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមានសម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ ផលិតផលធ្វើអំពីកៅស៊ូ និង គ្រឿងសង្ហារិមជាដើម៕
评论被关闭。