ក្រសួងដែនដីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ ប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ របស់ក្រសួងជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី។
ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យ ដោយសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាញយករបាយការណ៍អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានមួយ ក្នុងការវិភាគ និងវាយតម្លៃមុនពេលសម្រេចផ្តល់ឥណទានដល់រូបវ័ន្តបុគ្គល និងនីតិបុគ្គល។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានបំណងស្វែងរកព័ត៌មានអចលនទ្រព្យ អាចទទួលបានរបាយការណ៍បញ្ជាក់ភ្លាមៗ ពីស្ថានភាពអចលនទ្រព្យ អំពីម្ចាស់កម្មសិទ្ធិ ប្រវត្តិជួលអចលនទ្រព្យ និង ប្រវត្តិជាប់បន្ទុកតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ទៅឆែក ឬផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យ នៅមន្ទីរ ឬក្រសួងដោយផ្ទាល់ឡើយ។
គួររំលេចថា ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនៅលើគេហទំព័រក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) នេះ គឺជាកិច្ចសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី និង ក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក៕
评论被关闭。