សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តនិងជំរុញសកម្មភាពតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និង ការវិនិយោគ
នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងលើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែងបានបង្ហាញថា ផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតមនុស្សយន្ត (Robot) ឆុងកាហ្វេបានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារៈដោយការច្នៃប្រឌិត ភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម។
សម្តេចធិបតីបានរំលេចបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជការងារ ដើម្បីផ្តល់ព័ត៌មានអំពីតម្រូវការ និងឱកាសការងារជូនដល់និស្សិត និងអ្នកស្វែងរកការងារបានកាន់តែមានភាពងាយស្រួល និងទំនើប ពិសេសអាចស្វែងរកព័ត៌មានឆាប់រហ័ស ដែលនេះជាការជួយដល់យុវជនខ្មែរផង ក៏ដូចជាជួយដល់វិស័យឯកជនផង ក្នុងការស្វែងរកបុគ្គលិកបានតាមតម្រូវការនិងប្រកបដោយជំនាញពិតប្រាកដ។
ព្រមជាមួយនឹងសមិទ្ធផល និងការវិវត្តខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស យើងអាចមើលបានតាមតួលេខ តែការអភិវឌ្ឍសេដ្ឋកិច្ច គឺយើងអាចមើលបានតាមរយៈសកម្មភាព និងលទ្ធផលនៃការផលិត ជាពិសេសការភ្ជាប់ផលិតផលក្នុងស្រុកជាមួយ នឹងផលិតផលក្រៅស្រុក។ ក្នុងនោះដែរ យើងក៏ត្រូវពិនិត្យមើលកាលានុវត្តភាព ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ តាមរយៈបច្ចេកវិទ្យាអ៊ិនធើណិត ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការផ្សព្វផ្សាយព័ត៌មាន៕
评论被关闭。