សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី ៣២ ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គឺជា​ខួបទី ៣២ ឆ្នាំ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២៤) នៃការ​ដាក់​បញ្ចូល​​តំបន់​​រមណីយ​ដ្ឋាន​​អង្គរ ​ក្នុង​បញ្ជី​​សម្បត្តិ​​បេតិក​ភណ្ឌ​ពិភពលោក​ ​របស់​​អង្គ​ការ​​សិក្សា​​វិទ្យា​សាស្រ្តអប់រំ ​និង​វប្បធម៌​​នៃ​អង្គការ​​សហប្រជាជាតិ (UNESCO)។

សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធាន​​ព្រឹទ្ធ​សភា​​កម្ពុជា បាន​សម្ដែង​​នូវ​ការ​​អប​អរ​សាទរ​​ ចំពោះ​ព្រឹត្តិការណ៍​នេះ។

តាមរយៈ​​សំណេរ​​របស់​ស​ម្តេចតេជោ​ នៅ​​លើ​ទំព័រ​​ហ្វេសប៊ុក​​ផ្លូវការ នាព្រឹក​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេច​​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​​ការ​រំឭក​​ស្មារតី​កូនខ្មែរ​​គ្រប់រូប ​ឱ្យចេះ​​ស្រឡាញ់ ​និង​ចូល​រួម​​ថែរ​ក្សា​​បេតិកភណ្ឌ ជាពិសេស​​គឺ​ សម្តែង​​នូវ​ការ​​ដឹង​គុណ​​ដ៏​ជ្រាលជ្រៅ​​ដល់បុព្វបុរស​ខ្មែរ ​ដែល​បាន​​ពលិកម្ម​ ដើម្បី​បុព្វហេតុ​​អារ្យ​ធម៌​​ដ៏​រុងរឿង​​របស់​ខ្មែរ​​នាសម័យ​​អតីតកាល និងការ​​តស៊ូ​​ជាបន្ត​បន្ទាប់​​របស់​​ថ្នាក់​ដឹកនាំ​​ប្រទេស​​ ក្នុង​ការ​​ជម្នះ​​រាល់​ឧបសគ្គ​​ទាំង​ឡាយ ការពារ​ឱ្យបាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​​ដ៏​មាន​​តម្លៃ​​របស់​ជាតិ ​និង​ពិភពលោក​​ទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែម​ថា បច្ចុប្បន្ន​តំបន់​​អង្គរ​វត្ត​​បានក្លាយ​ជា​​គោលដៅ​​ទេសចរណ៍​​ដ៏សំខាន់ ដោយបាន​​ទាក់ទាញ​​ភ្ញៀវ​ទេសច​​រអន្តរជាតិ​រាប់លាននាក់​មកទស្សនា ​និង​បាន​​ស្គាល់​ពី​​សម្បតិ្ត​​វប្បធម៌​​ប្រទេស​​កម្ពុជា។

ប្រាសាទ​អង្គរវត្ត​ ត្រូវបាន​ដាក់​បញ្ចូល​​ក្នុង​បញ្ជី​សម្បត្តិ​​បេតិក​ភណ្ឌ​ពិភពលោក​របស់ UNESCO នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុង​​សាន់​តាហ្វេ​​សហរដ្ឋអាម៉េរិក។ ក្រោយ​ពី​ការ​ដាក់​​បញ្ចូល​​តំបន់​​រមណីយដ្ឋាន​​អង្គរ​​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក សន្និសីទ​​អន្ត​រ​ជាតិ​​មួយ​បាន​​ប្រារព្ធ​ឡើង នៅ​ទី​ក្រុង​តូក្យូ ចាប់​ពី​ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការ​ផ្តួច​ផ្តើម​​គំនិត​​របស់​​រាជរដ្ឋាភិបាល​​ជប៉ុន ដោយមាន​​ការ​គាំទ្រ​​ពីប្រទេស​បារាំង ​និង UNESCO ដើម្បី​​ដាក់​ចេញ​​នូវ​យុទ្ធសាស្ត្រ ​និង​ផែន​ការ​​សកម្មភាព​នានា​ ជា​ប្រយោជន៍​​ដល់​កិច្ច​​ការពារ​​អភិរក្ស ​និង​អភិវឌ្ឍ​​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រេច​​គោល​ដៅ​នេះ គណៈ​កម្មាធិការ​​អន្តរ​ជាតិ​សម្រប​សម្រួល​កិច្ចគាំពារ ​និង​អភិវឌ្ឍន៍​​តំបន់​​អង្គរ (ICC Angkor) ត្រូវ​បាន​​បង្កើត​ឡើង​​នា​ខែធ្នូ ឆ្នាំ១៩៩៣។

តំបន់​ឧទ្យាន​អង្គរ​ មិនមែន​​សំដៅ​​តែ​ទៅលើ​​ប្រាសាទ​​អង្គរវត្ត​​តែ​មួយ​នោះទេ តែ​សំដៅ​​លើ​រមណីយដ្ឋាន​​អង្គ​រ​ទាំងមូល ក្នុងនោះ​​រួម​បញ្ចូល​​ទាំង​ប្រាសាទ​​បុរាណដ្ឋាន ស្ថានីយ​​បុរាណ​វិទ្យា បរិស្ថាន និង សហគមន៍​​មនុស្ស​​ផងដែរ ដែល​មាន​​ផ្ទៃក្រឡា​សរុប ៤០១ គីឡូម៉ែត្រ​​ក្រឡា។ នៅក្នុង​រមណីយដ្ឋាន​​អង្គរ​​ទាំងមូល​​មានប្រាសាទ​​ជិត ១០០ ផ្សេងទៀត ដែលត្រូវបាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក៕

你可能还喜欢

评论被关闭。