សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចូលរួមជាអធិបតីពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត

នារាត្រី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ពិធី​បុណ្យ​​សមុទ្រ​​លើក​ទី១១ ក្រោម​ប្រធាន​បទ “អបអរ​​បេតិក​ភណ្ឌ ​និងចីរភាព​​នៃតំបន់ឆ្នេរ” នៅ​ខេត្ត​កំពត បាន​ប្រារព្ធ​ឡើង​ជាផ្លូវការ ក្រោម​អធិបតីភាព​​ដ៏​ខ្ពង់​ខ្ពស់​​របស់​​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ពិធី​បុណ្យ​សមុទ្រ​​ត្រូវ​បាន​​រៀបចំ​ឡើង​​ ដោយ​ឈរ​លើ​​គោល​ការណ៍​​នៃ​ការ​​ឆ្លាស់​វេន​គ្នា​​​ នៅខេត្ត​​តំបន់​​ឆ្នេរ​ទាំង៤ រួម​មាន​​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង ខេត្តកែប។ គោល​បំណង​​នៃ​ពិធី​បុណ្យ​​សមុទ្រ​គឺ ដើម្បី​​រួម​គ្នា​​អភិរក្ស​​ការ​ពារ​​ធនធាន​ធម្ម​ជាតិ​​សមុទ្រ និង​ថែរក្សា​​បរិស្ថាន​​ឆ្នេរ​ឱ្យ​បាន​​ស្អាត ដើម្បី​​បម្រើ​​ដល់ការ​​អភិវឌ្ឍ​​ទេសចរណ៍​​ ប្រកប​ដោយ​​ចីរភាព ​និង​ការ​ទទួល​​ខុសត្រូវ ព្រម​ទាំង​​លើក​តម្កើង​​ការ​ផ្សព្វផ្សាយ​​គោល​ដៅ​​ទេសចរណ៍​​តំបន់​​ឆ្នេរ​​កម្ពុជា ​ឱ្យ​កាន់​តែ​ទូ​លំ​​ទូ​លាយ ទាក់​ទាញ​​ទេស​ចរ​ជាតិ និង​​អន្តរ​ជាតិ​​មក​ទស្សនា​​កាន់​តែ​ច្រើន។

ការជ្រើស​រើស​​ខេត្ត​កំពត ​ដើម្បី​​រៀប​ចំ​​ពិធី​បុណ្យ​សមុទ្រ​​នា​ឆ្នាំនេះ ក្នុងគោល​បំណង​​ផ្សព្វផ្សាយ​​អំពី​​សក្តានុពល​ទេសចរណ៍​​តំបន់​​ឆ្នេរ​សមុទ្រ​​កម្ពុជា និងជំរុញ​ការ​យក​ចិត្ត​​ទុក​ដាក់​​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​ក្នុង​ការ​​អភិរក្ស ​និង​អភិវឌ្ឍ​​តំបន់​​ឆ្នេរ​​ប្រកបដោយ​​ចីរភាព ជាពិសេស​ការពង្រឹង ​និង​លើក​កម្ពស់​​គុណ​ភាព​​សេវាកម្ម​​នានា​​ក្នុង​ឧស្សាហ​កម្ម​ទេសចរណ៍៕

你可能还喜欢

评论被关闭。