កម្ពុជាប្រារព្ធពិធីបុណ្យរម្លឹកគុណអង្គរលើកទី៤ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត

នៅព្រឹក​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ រួមជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានប្រារព្ធ​ពិធី “បុណ្យ​រម្លឹកគុណ​អង្គរ” លើកទី៤ នៅបរិវេណ​ខាងមុខ​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប។

ពិធីបើក “បុណ្យ​រម្លឹកគុណ​អង្គរ” លើកទី៤ បានប្រព្រឹត្ត​ឡើងក្រោម​អធិបតីភាព​របស់​លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក៏មាន​វត្តមាន​លោកស្រីបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ​ និងជា​ប្រធាន​ក្រុមប្រឹក្សា​​ភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​វត្តមាន​ថ្នាក់ដឹកនាំ​សំខាន់ៗ​​ជាច្រើនរូប​ទៀត​ផងដែរ។

ពិធី “បុណ្យ​រម្លឹកគុណ​អង្គរ” លើកទី៤នេះ ធ្វើឡើង​រយៈពេល ៣ ថ្ងៃ គឺចាប់ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណ​ខាងមុខ​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប។ ពិធី “បុណ្យ​រម្លឹកគុណ​អង្គរ” ឆ្នាំនេះ ក៏ពេល​នឹងគម្រប់​ខួប ៣២ ឆ្នាំ​ (១៤ ធ្នូ ១៩៩២ -១៤ ធ្នូ ២០២៤) នៃការដាក់​ប្រាសាទ​អង្គរវត្ត ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់អង្គការ​សិក្សា​វិទ្យាសាស្រ្តអប់រំ​និងវប្បធម៌ ​នៃអង្គការ​សហប្រជាជាតិ (UNESCO) ផងដែរ។

ពិធី “បុណ្យ​រម្លឹកគុណ​អង្គរ” គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ ដែល​​ក្រសួង​វប្បធម៌ ​និងវិចិត្រ​សិល្បៈ រួមជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀប​ចំ​ឡើង ក្នុងគោលបំណង​សំខាន់​បំផុត​គឺ សម្តែង​ការដឹងគុណ​ ចំពោះ​បុព្វ​ការីជន​​គ្រប់ជំនាន់ ដែលបាន​ខិតខំ​បូជា​កម្លាំង​កាយចិត្ត​ក្នុងការងារ​ថែរក្សា​អង្គរ ​តាំងពី​ដើមរៀងមក​រហូត​ដល់​បច្ចុប្បន្ន។ ពិធី​ដ៏មានសារៈ​សំខាន់​មួយនេះ នឹងកាន់តែ​ធ្វើឱ្យ​អង្គរ​មានភាព​ល្បីរន្ទឺ​ និងជា​ទីគោរព​បូជា​ពីសាធារណ​ជន​ទូទៅ។

“បុណ្យ​រម្លឹកគុណ​អង្គរ” ក៏ចង់​រំលេចនូវ​គុណតម្លៃ​របស់​អង្គរ ​ឱ្យកាន់​តែ​មានលក្ខណៈ​ទូលំ​ទូលាយ​បន្ថែម​ទៀត នៅក្នុង​បរិបទ​​សកល​​ភាវូបនីយកម្ម ។ការបង្ហាញ​នូវការ​ដឹងគុណ​ទាំងអស់​នេះ នឹង​ធ្វើឱ្យ​អង្គរ​កាន់តែ​មានភាព​សក្ការៈ​ថែមទៀត៕

你可能还喜欢

评论被关闭。