ក្រសួងសេដ្ឋកិច្ចដាក់ឱ្យដំណើរការសាកល្បង ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការសាកល្បង ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (Soft Launching) កម្ពុជា ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤តទៅ។
យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការសាកល្បង ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង ផែនការសកម្មភាពរួមនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំ និងបញ្ចប់ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា រួចរាល់ក្នុងការដាក់ឱ្យដំណើរការប្រើប្រាស់។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានឱ្យដឹងទៀតថា ប្រព័ន្ធវិក្កយបត្រអេឡិចគ្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្តាល សម្រាប់ផ្លាស់ប្តូរវិក្កយបត្រ ក្នុងទម្រង់ជាអេឡិចត្រូនិក រវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬ អ្នកទទួលសេវា និងមានមុខងារផ្តល់អត្តសញ្ញាណ និងបញ្ជាក់ទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យបោះពុម្ពវិក្កយបត្រជាក្រដាសឡើយ។
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាឧបករណ៍សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់តម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមពង្រឹងអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ ចូលរួមក្នុងការសម្រេចនូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមចូលរួមក្នុងកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន។
ដោយមានការឯកភាពពីលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) ដើម្បីបើកឱ្យដំណើរការចុះឈ្មោះចូលជាសមាជិកប្រើប្រាស់ ប.វ.អ. ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤តទៅ។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលអំពាវនាវដល់បណ្តាម្ចាស់ឬតំណាងក្រុមហ៊ុនអាជីវកម្មទាំងអស់រៀបចំចុះឈ្មោះចូលជាសមាជិកនៃ ប.វ.អ. ឬត្រៀមផ្តល់កិច្ចសហការក្នុងការចូលរួមជាបន្តបន្ទាប់ក្នុងការអនុវត្ត។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានបញ្ជាក់បន្ថែមថា សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងតាមរយៈលេខ (៨៥៥) ៨១ ៨៨១ ៦១១ ឬធ្វើការស្កេនឃ្យូអរកូដ (QR Code) ដូចមានភ្ជាប់មកជាមួយក្នុងអត្ថបទនេះ៕
评论被关闭。