ទេសាភិបាលធនាគារជាតិ ជា សិរី ជួបសំណេះសំណាលជាមួយបេក្ខនារី នៃវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយបេក្ខនារីនៃវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ រដូវកាលទី២ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួបនេះ លោកស្រី ជា សិរី បានលើកឡើងអំពីភាពប្រទាក់ក្រឡាគ្នារវាងច្បាប់រដ្ឋប្បវេណី និងការរស់នៅប្រចាំថ្ងៃ បរិបទសង្គម និងវប្បធម៌កម្ពុជាចំពោះស្រ្តី ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងវិធីសាស្ត្រក្នុងការត្រៀមខ្លួន ជាពិសេសផ្លូវចិត្តកុំឱ្យភ័យខ្លាច នឹងការប្រកួតប្រជែង។
លោកស្រីក៏បានជម្រាបជូនពីបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការសម្រេចជោគជ័យក្នុងការងារ ព្រមទាំងលើកទឹកចិត្តបេក្ខនារីឱ្យចូលរួមក្នុងកិច្ចការសង្គម ដើម្បីរួមចំណែកចែករំលែកបទពិសោធន៍ល្អៗ ដែលមានទៅកាន់ប្រជាជន និងអ្នកជុំវិញខ្លួន។ លើសពីនេះ លោកស្រីក៏បានផ្តាំផ្ញើនិសិ្សតទាំងអស់ថា បើចេះអី្វត្រូវចេះឱ្យប្រាកដ ហើយត្រូវតែធ្វើការងារដែលត្រឹមត្រូវប្រកបដោយសីលធម៌ខ្ពស់ និងជួយដល់ស្រ្តីដែលងាយរងគ្រោះ។
វេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ ត្រូវបានរៀបចំឡើងដោយកម្មវិធីវិភាគទានច្បាប់ គឺជាកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ និងលើកកម្ពស់យេនឌ័រ តាមរយៈការប្រកួតប្រជែងរវាងបេក្ខជនជាស្ត្រីលើប្រធានបទច្បាប់រដ្ឋប្បវេណី៕
评论被关闭。