កម្ពុជាដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” អនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តនិងឥតគិតថ្លៃ
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ រាជធានីភ្នំពេញ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍បានលើកឡើងថា ការដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះវាជាកិច្ចការអាទិភាព និងចាំបាច់បំផុតដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។
លោកថ្លែងថា កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និង ការប្រកួតប្រជែងលើទីផ្សារ ជាពិសេសលើមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាស្ពានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ រហូតដល់មានលទ្ធភាពសមាហរ័ណខ្លួនចូលទៅប្រព័ន្ធសេដ្ឋកិច្ច គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អនិងរក្សាលំ នឹងជីវភាពរបស់ប្រជាពលរដ្ឋ និងអាចចូលរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
លោកបានឱ្យដឹងថា តាមរយៈយុទ្ធនាការចុះឈ្មោះជាបឋម យើងទទួលបានការចាប់អារម្មណ៍និងចុះឈ្មោះបានចំនួន ៦៧៧ ឈ្មោះរួចមកហើយ គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះលើថ្នាលឌីជីថលនេះ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងទម្រង់ឌីជីថល ដែលមានតម្លៃគតិយុត្តក្នុងកម្រិតមួយអាចប្រើប្រាស់សម្រាប់ទទួលបានអត្ថប្រយោជន៍ពីកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល។
ការចុះឈ្មោះក្នុង “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” អាចធ្វើឡើងតាម ២ វិធី៖
ទី១ ចុះឈ្មោះដោយខ្លួនឯងតាមរយៈវេបផតថល www.informal.digitaleconomy.gov.kh និងកម្មវិធីទូរសព្ទដៃ CAM-IE។
ទី២ ចុះឈ្មោះតាមរយៈភ្នាក់ងារចុះឈ្មោះ។ ដើម្បីជួយសម្រួលដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍បានសហការបង្កើតយន្តការចុះឈ្មោះដោយឥតគិតថ្លៃជាមួយភ្នាក់ងារដៃគូធនាគារចំនួន ៥ រួមមាន ធនាគារ WING ACLEDA ABA SME និង ARDB។
ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តនិងឥតគិតថ្លៃសេវាអ្វីទាំងអស់។ ការចុះឈ្មោះនេះ មិនត្រឹមតែឱ្យបងប្អូនទទួលបានអត្តសញ្ញាណផ្លូវការនោះទេ តែនឹងបើកផ្លូវឱ្យមានការរីកចម្រើននិងការគាំទ្រនានា។ រាជរដ្ឋាភិបាលនឹងផ្ដល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាព ជំនាញបច្ចេកទេស និង វិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់និងការចាប់យកជំនាញថ្មី ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមានឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និង បង្កើតការងារសម្រាប់ខ្លួនផងនិងអ្នកដ៏ទៃផង។
សម្ដេចធិបតីបន្ថែមថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទានឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ និងអាចជៀសវាងទៅការចងការឬខ្ចីបុលក្រៅផ្លូវការ។ ក្រៅពីនេះ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ផ្ដល់លទ្ធភាពឱ្យបងប្អូនក្នុងការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (បសស) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់វិភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព សម្រាប់ទាំងខ្លួនឯងផងនិងសមាជិកគ្រួសារផង។
អត្ថប្រយោជន៍មួយទៀត តាមរយៈការចុះឈ្មោះរបស់បងប្អូន រាជរដ្ឋាភិបាលនឹងកសាងបានទិន្នន័យល្អ មានលទ្ធភាពផ្ដល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ពិសេសក្នុងពេលមានវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាត្បាតជាដើម។ ម្យ៉ាងវិញទៀត សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ការចុះឈ្មោះនេះនឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥគិតថ្លៃ តាមរយៈមូលនិធិសមធម៌នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០ លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និង មិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់៕
评论被关闭。