កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦ លាននាក់ និងក្នុងរយៈពេល ១១ ខែឆ្នាំ២០២៤
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត ថាក្នុងរយៈពេល ១១ ខែនៃដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦ លាននាក់ កើនឡើង២២%បើធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលភាគច្រើននៃភ្ញៀវទេចរអន្តរជាតិនេះ គឺមកពីបណ្តាប្រទេសក្នុងតំបន់។
លោក ហួត ហាក់ បានបន្ថែមថា ដោយឡែកក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបាន ភ្ញៀវទេសចរជាតិចំនួន ២០ លាននាក់ បានធ្វើដំណើរទូទាំងប្រទេស កើនឡើង១៩,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ក្នុងនោះតំបន់ឆ្នេរមានភ្ញៀវទេសចរជាតិប្រមាណ ៨ លាននាក់ កើនឡើង ១២,៥% និងភ្ញៀវទេសចរបរទេសចំនួន ៤២០ ០០ នាក់ កើនឡើង ១០,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
លោកបានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២៤ទាំងមូល កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧ លាននាក់និងភ្ញៀវទេសចរជាតិប្រមាណ ២២ លាននាក់។
អ្នកជំនាញទេសចរណ៍ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានឱ្យដឹងថា ការមកដល់នៃភ្ញៀវទេចរអន្តរជាតិនេះ គឺឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចតំបន់និងសកល បើទោះបីបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានអូសបន្លាយ និងការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយក្តី ក៏ប្រជាពលរដ្ឋសកលបានធ្វើការចាយវាយលើដំណើរទស្សនកិច្ចនានា ហើយភាគច្រើននៃភ្ញៀវទេសចរអន្តរជាតិគឺមកពីក្នុងតំបន់។
ដូច្នេះ យើងត្រូវបង្កើនការផ្សព្វផ្សាយនិងបង្កើតកម្មវិធីពាក់ព័ន្ធនានាឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ ជាពិសេសមកពីប៉ែកអឺរ៉ុប ដោយសារពួកគេចំណាយពេលច្រើន ទាំងការស្នាក់នៅនិងចាយវាយជាដើម។ ម្យ៉ាងទៀត ការដាក់ឱ្យដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងគ្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅនាពេលខាងមុខ គឺជាឱកាសមួយដែលកម្ពុជាត្រូវក្តាប់ឱកាសឱ្យបានក្នុងការធ្វើការផ្សព្វផ្សាយ និងបង្កើតយន្តការនានាដើម្បីរុញកំណើនទេសចរអន្តរជាតិ៕
评论被关闭。