ក្រសួងការបរទេសកម្ពុជា៖ សភាពការណ៍នយោបាយនៅកូរ៉េមិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-កូរ៉េឡើយ

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកនាំពាក្យ​ក្រសួង​ការបរទេស ​និងសហប្រតិបត្តិការ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់ថា សភាពការណ៍​នយោបាយ​នៅសាធារណរដ្ឋ​កូរ៉េ (កូរ៉េ) គឺជាបញ្ហា​ផ្ទៃក្នុង​សុទ្ធសាធរបស់កូរ៉េ មិនប៉ះពាល់​ដល់ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា ​និងកូរ៉េឡើយ។

សេចក្តី​ថ្លែងការណ៍​នេះបានលើក​ឡើងថា ឆ្លើយតប​នឹងការ​សាកសួរ​របស់​ប្រព័ន្ធ​ឃោសនា អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ សូមធ្វើការ​គូស​បញ្ជាក់ថា សភាពការណ៍​នយោបាយ​នាពេល​បច្ចុប្បន្ន​នៅកូរ៉េ គឺជា​បញ្ហា​ផ្ទៃក្នុង​សុទ្ធសាធ​របស់​កូរ៉េ។ ការវិវឌ្ឍ​នេះមិនមាន​ផលប៉ះពាល់​អ្វីដល់​ទំនាក់​ទំនង​មិត្តភាព​ជិតស្និទ្ធ និងភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា​និងកូរ៉េ​ឡើយ។

គួររម្លឹកថា នៅទីក្រុង​​សេអ៊ូល​នៃសាធារណរដ្ឋ​​កូរ៉េ បានចលាចល​រយៈពេល​ប៉ុន្មាន​ម៉ោង​នៅ​យប់​​ថ្ងៃទី៣ ​ឈានចូល​ដល់ថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ២០២៤ បន្ទាប់ពី​​លោក យូន ស៊ុកយោល (Yoon Suk Yeol) ប្រធានាធិបតី​កូរ៉េ បានប្រកាស​ប្រើច្បាប់​អាជ្ញាសឹក​នៅក្នុងប្រទេស​កូរ៉េ។ នៅ ៣ ម៉ោង​ក្រោយការ​ប្រកាស​ប្រើច្បាប់​អាជ្ញាសឹក​របស់​ប្រធានាធិបតី សមាជិក​សភា​​មកពី​គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់អំណាច បានបោះឆ្នោត​ប្រឆាំង​នឹងការ​សម្រេច​​របស់​​ប្រធានាធិបតី ដែលត្រូវបាន​គេចាត់ទុក​ថា ជារឿង​ខុសឆ្គង ខុសច្បាប់ ប្រាសចាក​ពីរដ្ឋធម្មនុញ្ញ​នៃសាធារណរដ្ឋ​កូរ៉េ។ លោក Yoon Suk Yeol ត្រូវបាន​សភាកូរ៉េ​បោះឆ្នោត​ទម្លាក់​តំណែងប្រធានាធិបតី​នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ តុលាការ​ធម្មនុញ្ញ​​កូរ៉េ​ដែល​មាន​សមាជិក​​ក្រុមប្រឹក្សា​​បច្ចុប្បន្ន​ចំនួន ៦ ​រូប​ក្នុង​ចំណោម​សមាជិក​សរុប ៩ រូប ចាប់ផ្តើម​ត្រួតពិនិត្យ​​​មើល​ការចោទប្រកាន់​អតីត​ប្រធានាធិបតី Yoon Suk Yeol ជុំវិញ​ការប៉ុនប៉ង​ដាក់​ច្បាប់​អាជ្ញាសឹក​កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ខណៈ​ដែលអ្នក​ស៊ើបអង្កេត​គ្រោងនឹង​សាកសួរ​លោកនៅ​សប្តាហ៍នេះ៕

你可能还喜欢

评论被关闭。