ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន៖ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ

កម្ពុជា​និងចិន​បានបដិសេធ ​និងច្រានចោល​ចំពោះ​ព័ត៌មាន​ថា “ចិនឈប់ផ្តល់កម្ចីឱ្យកម្ពុជា” ហើយចាត់ទុក​ការលើកឡើង​នេះ ជាការ​បំភាន់​សាធារណៈមតិ ក្នុងចេតនា​ប៉ុនប៉ង​លាបពណ៌ ​លើកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជានិងចិន។

ប្រតិកម្ម​​របស់ភាគី​កម្ពុជា​ និងចិន បានធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បានសរសេរ​លើហ្វេសប៊ុក​របស់​លោកថា “ទន្សាយ​ក៏រួច ត្រីរ៉ស់​ក៏រួច សុខចិត្ត​ចោល EBA ព្រោះអាង​ខ្ចីលុយ​ចិន តែឥឡូវ​អត់ទាំងពីរ ចិនលែងឱ្យខ្ចី…” កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤។

ទន្ទឹមនឹងនេះ លោក​ សម រង្ស៊ី ថែមទាំង​បានចូលទៅ​បញ្ចេញមតិ​នៅខាងក្រោម​សារ ដែលលោក​បានបង្ហោះ​នោះទៀតថា នយោបាយ​សេដ្ឋកិច្ច​របស់​សម្តេចតេជោ ហ៊ុន សែន ទៅអែបស្និទ្ធ​នឹងចិន បានទាល់ច្រក ​និងបរាជ័យ​ហើយ វាជា​កំហុស​ដ៏ធំ​បំផុត​របស់​សម្តេចតេជោ ហ៊ុន សែន ដែលកំពុង​បរាជ័យ​នយោបាយ​សេដ្ឋកិច្ច…។

ការលើកឡើង​របស់​លោក សម រង្ស៊ី ក៏ត្រូវបាន​​ទីភ្នាក់ងារ​ព័ត៌មាន Reuters និងអ្នកនយោបាយ​ប្រឆាំង​របស់​កម្ពុជា​ធ្វើការ​សន្និដ្ឋាន​ និងផ្សព្វផ្សាយ​ផងដែរ។

ភាគី​កម្ពុជា ​និងចិន​បានចេញមក​បដិសេធ​ និងច្រានចោល​នូវការ​លើកឡើង​របស់​លោក សម រង្ស៊ី និងទីភ្នាក់ងារ​ព័ត៌មាន Reuters ក៏ដូចជា​អ្នកនយោបាយ​ប្រឆាំង​របស់​កម្ពុជា។

ក្នុងនោះ នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា បានបង្ហោះ​សារ​លើហ្វេសប៊ុក​ផ្លូវការ​របស់​លោកថា៖ “ជំនួយ​របស់​ចិនមកកាន់​កម្ពុជា​ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន​អនេក គម្រោង​ជំនួយ​ថ្មីៗ​ក៏កំពុងតែ​ដំណើរការ។ ភាគីចិន​នឹងបន្ត​គាំទ្រ​យ៉ាងមុតមាំ​ដល់ភាគី​កម្ពុជា ​ក្នុងការ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹងផែនការ​ជីវភាព​រស់នៅ​របស់​ប្រជាជន”។

លោក វ៉ាង វិនពីន បានសង្កត់ធ្ងន់ថា៖ “រាល់បំណង​ប៉ុនប៉ង​លាបពណ៌​លើកិច្ចសហប្រតិបត្តិរវាង​ចិននិង​កម្ពុជា គឺមិនអាច​ទៅរួច​បានឡើយ”។

ដោយឡែក ​នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ ​ឆ្នាំ ​២០២៤ ​លោក ​មាស សុខសេនសាន អ្នក​នាំ​ពាក្យ​​ក្រ​សួង​​សេដ្ឋ​កិច្ច​​ និងហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​ចេញមក​ច្រានចោល​ព័ត៌មាន​ដែល​ថា “ចិនឈប់​ផ្តល់កម្ចី​ឱ្យកម្ពុជា” ដោយចាត់ទុក​ថា នេះជា​ការលើកឡើង​ដែលបង្ក​ឱ្យមាន​ការយល់ច្រឡំ។

តាមរយៈ​វីដេអូឃ្លីប​រយៈពេល ២ នាទីដែលផ្សព្វផ្សាយ​តាមហ្វេសប៊ុក​របស់​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ​លោក ​មាស សុខសេនសាន បានចាត់ទុក​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែលថា “ចិន​ឈប់​ផ្តល់កម្ចី​ឱ្យ​កម្ពុជា”​ ថាជាការបង្កើត​ឱ្យ​មានការ​យល់ច្រឡំ ព្រោះ​បច្ចុប្បន្ន​នេះ កម្ពុជា​និងចិន​កំពុង​បន្ត​មានទំនាក់​ទំនងគ្នា​យ៉ាងស្អិតល្មួត និងគ្រោង​ចុះកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥតសំណង​និងហិរញ្ញប្បទាន​សម្បទាន​ផ្សេងទៀត។

លោក មាស សុខសេនសាន បានបន្ថែមថា ភាគី​កម្ពុជា​និងចិន​កំពុង​សិក្សា​ពីផលប៉ះពាល់​នៃគម្រោង​ទាំងនោះ​យ៉ាងលម្អិត ដើម្បី​ឈានទៅ​ចុះកិច្ចព្រមព្រៀង​ជាក់លាក់​នៅពេល​ខាងមុខ។

គួររម្លឹកថា ខណៈពេល​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយលោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន នាអំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេសចិន​កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយ​របស់​ចិនមិនត្រឹមតែ​ចូលរួម​ដល់ការ​អភិវឌ្ឍ​សេដកិច្ច-សង្គម​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​បានជួយ​ពង្រឹង​ឯករាជ្យ​ភាពនយោបាយ​របស់​កម្ពុជា​ផងដែរ។

ជាការ​ឆ្លើយតប លោក ស៊ី ជីនភីង បានបញ្ជាក់ថា ចិននឹង​បន្ត​គាំទ្រ​កម្ពុជា​ដើម្បី​កសាង​សហគមន៍​ជោគវាសនារួម​ចិន-កម្ពុជា​ក្នុងយុគសម័យ​ថ្មី ដែលប្រកបដោយ​គុណភាព​ខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់៕

你可能还喜欢

评论被关闭。