ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី យាងបំពេញទស្សនកិច្ចនៅប្រទេសចិន
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញទស្សនកិច្ចនៅខេត្តហៃណាន (Hainan) សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ភាគីចិន។
ព្រះរាជទស្សនកិច្ចនេះ ធ្វើឡើងក្នុងបំណងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
អញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងសម្ដេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងវត្តមាន លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាទៅកាន់ប្រទេសចិន មានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤។
ក្នុងឱកាសព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណា ព្រះមហាក្សត្រ នឹងព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ។
ខេត្តហៃណានមានទំនាក់ទំនងច្រើនទៅវិញទៅមកជាមួយប្រទេសកម្ពុជា ពិសេសភាគីទាំងពីរបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាកាសចរណ៍ អប់រំ កសិកម្ម និង វិស័យផ្សេងៗជាច្រើនទៀត។ ក្នុងនោះ ខេត្តហៃណានក៏បានតភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជាក្នុងមួយសប្ដាហ៍ម្ដង ហើយផ្នែកកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម កម្ពុជា និងចិនក៏បានបើកនូវមជ្ឈមណ្ឌលកសិកម្មត្រូពិកមួយផងដែរ។
ក្នុងឱកាសដែលព្រះករុណា ព្រះមហាក្សត្រ អវត្តមាននៅក្នុងមាតុប្រទេស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលបន្ទុកជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា៕
评论被关闭。