រាជរដ្ឋាភិបាលកម្ពុជាបន្តលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍

នារសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Ratchayut Kasemchaisiri ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃសមាគម​ឧស្សាហកម្ម​ស៊ីម៉ង់ត៍​កម្ពុជា នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក Ratchayut Kasemchaisiri បានគោរព​រាយការណ៍​ជូនសម្ដេចធិបតី​ អំពី​វឌ្ឍនភាព​នៃ​​ឧស្សាហកម្ម​​ស៊ីម៉ង់ត៍​នៅកម្ពុជា ដែលបច្ចុប្បន្ននេះ​ បណ្តា​​ក្រុមហ៊ុន​ដែលជា​សមាជិក​​សមាគម​ បាននិង​កំពុង​បោះទុន​វិនិយោគ​សរុប​ប្រមាណជាង ១,២ ប៊ីលាន​ដុល្លារអាម៉េរិក និងអាចបង្កើត​ការងារ​បានប្រមាណ​ជាង ២ ៧០០ កន្លែង ក្នុង​នោះជាង ១ ៩០០ នាក់​គឺជា​កម្លាំង​ពលកម្ម​ក្នុងស្រុក។ សមាគម​​មាន​លទ្ធភាព​ផលិត ​និងចែកចាយ​​ស៊ីម៉ង់ត៍ ដើម្បី​​បំពេញ​​តម្រូវការ​នៅក្នុង​ស្រុកផង​ និងសម្រាប់​នាំចេញ​ទៅតាម​បណ្ដា​ប្រទេស​ជិតខាង​មួយចំនួនផង ហើយថ្មីៗ​នេះ សមាគម​ក៏បាន​ក្លាយជា​សមាជិក​សហព័ន្ធ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​កោតសសើរ ​និងវាយតម្លៃខ្ពស់​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​ និងជោគជ័យ​របស់​​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង់ត៍​​កម្ពុជា ដែលបាន​​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​​ការបង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ និងលទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​ស៊ីម៉ង់ត៍​ប្រកបដោយ​គុណភាព ​និងតម្លៃ​សមរម្យ។

ជាមួយគ្នានេះ សម្ដេចធិបតី​ក៏បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​នូវគោលនយោបាយ វិធានការ និង ការលើក​ទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានា​ដល់ភាព​ជោគជ័យ​ បរិយាកាស​វិនិយោគ និង ភាពប្រកួត​ប្រជែង​របស់​បណ្ដា​ក្រុមហ៊ុន ដែលកំពុង​មានប្រតិបត្តិការ​អាជីវកម្ម​នៅកម្ពុជា​ផងដែរ។

ក្នុងឱកាស​នោះផងដែរ តប​តាម​​សំណូមពរ​​របស់​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង់ត៍​កម្ពុជា សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​បាន​សម្រេច​​បន្ត​ផ្តល់ការ​លើក​ទឹកចិត្ត​ផ្នែកពន្ធដារ ​ដល់ក្រុមហ៊ុន​​ផលិត​​ស៊ីម៉ង់ត៍​ក្នុងស្រុក ព្រមទាំង​ប្រគល់​ភារកិច្ច​ឱ្យក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួងរ៉ែ​និងថាមពល ធ្វើការ​សិក្សា​លើវិធានការ​មួយចំនួន​បន្ថែម​ទៀត ដើម្បី​លើកយោបល់​សុំការ​សម្រេច​ពី​សម្តេច ក្នុងគោលដៅ​បង្កើន​ភាពប្រកួត​ប្រជែង ​និងការ​រីកចម្រើន​នៃឧស្សាហកម្ម​ស៊ីម៉ង់ត៍ ក្នុង​ការ​ផលិត​​ស៊ីម៉ង់ត៍​ក្នុងស្រុក ​ដែល​មាន​​គុណភាព​ខ្ពស់​​ និង​តម្លៃ​​សមរម្យ ដើម្បី​ជួយជា​ប្រយោជន៍​បន្ថែម​ដល់ប្រជាពលរដ្ឋ​​កម្ពុជា​​ដែល​ជា​អ្នក​​ប្រើប្រាស់៕

你可能还喜欢

评论被关闭。