ក្រសួងសុខាភិបាល៖ វីរុសណូរ៉ូសម្លាប់មនុស្សលើពិភពលោកប្រមាណ ២០ ម៉ឺននាក់ក្នុង ១ ឆ្នាំ ពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រ

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួង​សុខាភិបាល​កម្ពុជាបានចេញ​សេចក្តី​ជូនព័ត៌មាន ដោយបាន​ធ្វើការ​ណែនាំ​ដល់ប្រជាពលរដ្ឋ ពិសេស​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​និងមនុស្សចាស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការបរិភោគ​ចំណី​អាហារ ពិសេស​អាហារ​សមុទ្រ ដូចជា​អយស្ទ័រឆៅ ដើម្បី​បង្ការ​ការឆ្លង​វីរុសណូរ៉ូ (Norovirus)​ ដែលមេរោគ​នេះបាន​សម្លាប់​មនុស្ស​នៅលើ​ពិភពលោក​ប្រមាណ ២០ ម៉ឺន​នាក់ជារៀង​រាល់ឆ្នាំ។

សេចក្តី​ជូនព័ត៌មាន​ស្តីពី​វិធានការ​ការពារ​សុខភាព​ពីជំងឺ​បង្កដោយ​វីរុសណូរ៉ូ «Norovirus» របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា ការផ្ទុះ​រាតត្បាត​នៃជំងឺ​បង្កដោយ​វីរុស​ណូរ៉ូ ភាគច្រើន​កើតមាន​នៅប្រទេស​មានរដូវ​ត្រជាក់ កន្លែង​មានការ​ប្រមូលផ្តុំ​អាកាសធាតុ​ត្រជាក់​មេរោគ​រស់បានយូរ ហើយរដូវ​ត្រជាក់​ធ្វើឱ្យប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​ចុះខ្សោយ។

ក្រសួង​សុខាភិបាល​បានពន្យល់​ថា បុគ្គល​គ្រប់វ័យ​អាចឆ្លង​និងឈឺ​ដោយវីរុស​ណូរ៉ូ រោគសញ្ញា​ជាទូទៅ​កើតមាន​ចន្លោះ​ពី ១២ ទៅ ៤៨ ម៉ោង បន្ទាប់​ពីប៉ះពាល់​ឬប្រឈម​នឹងវីរុស​ណូរ៉ូ។ រោគសញ្ញា​ភាគច្រើន​មានដូចជា រាក ក្អួតចង្អោរ ចុកពោះ និង អាចមាន​ក្តៅខ្លួន ឈឺក្បាល និង ឈឺខ្លួន។ ភាគច្រើន​ជាសះស្បើយ​ឡើងវិញ​ក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ ប៉ុន្តែ​អាចចម្លង​មេរោគ​ទៅអ្នកដទៃ​បានក្នុង​អំឡុង ២ សប្តាហ៍ឬលើស​បន្ទាប់ពី​ជាសះស្បើយ។ អ្នកអាច​កើតជំងឺ​បង្ក​ដោយវីរុស​ណូរ៉ូច្រើនដង​ក្នុងជីវិត​របស់អ្នក ពីព្រោះ​វីរុស​ណូរ៉ូ​មានច្រើនប្រភេទ។ ការឆ្លង​វីរុស​ណូរ៉ូ​មួយប្រភេទ​មិនអាច​ការពារ​អ្នកពី​ប្រភេទ​ផ្សេងទៀត​ឡើយ។ អាហារ​សមុទ្រ ជាពិសេស​អយស្ទ័រ​ឆៅ​អាចមាន​ផ្ទុក​វីរុស​នេះ ហើយកុមារ​អាយុ​ក្រោម ៥ ឆ្នាំ មនុស្សចាស់ និង អ្នកដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ ទំនង​ជាងាយ​រងគ្រោះ​ធ្ងន់ធ្ងរ​ពេលឆ្លង​វីរុស​នេះ។

ក្រសួង​សុខាភិបាល​បានបន្ត​ថា វីរុសណូរ៉ូ​រីករាលដាល​យ៉ាងងាយ​និងរហ័ស​តាមវិធី​ផ្សេងៗគ្នា ដូចជា​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នកដែលមាន​វីរុស​ណូរ៉ូ ដូចជា​ការថែទាំ​អ្នកជំងឺ ការចែករំលែក​អាហារ​និងសម្ភារៈប្រើប្រាស់ និង ការមាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​វីរុស​ណូរ៉ូ ពិសា​អាហារ ទឹក​ឬភេសជ្ជៈ​ដែលមាន​មេរោគ​វីរុស​ណូរ៉ូ ការប៉ះវត្ថុ​ឬផ្ទៃ​ដែលមាន​មេរោគ បន្ទាប់មក​ដាក់ម្រាមដៃ​ដែលមិនទាន់​លាងសម្អាត​ចូលទៅ​ក្នុងមាត់។ អ្នកអាច​ចម្លង​វីរុស​ណូរ៉ូ​ទៅអ្នកផ្សេង​ក្នុងរយៈពេល ២ សប្តាហ៍​ឬច្រើនជាង​នេះ បន្ទាប់ពី​អ្នកជាសះស្បើយ​ពីជំងឺ។

ក្រសួង​សុខាភិបាល​បានបញ្ជាក់​បន្ថែម​នៅក្នុង​សេចក្តី​ជូនព័ត៌មាន​នេះថា នៅលើ​ពិភពលោក វីរុស​ណូរ៉ូ​ជាមូលហេតុ​ចម្បង​នៃការក្អួត​និងរាក និងជំងឺ​ដែលបណ្តាល​មកពី​អាហារ ដែលបង្ក​ឱ្យមាន​ជំងឺ​រលាក​ក្រពះ​ស្រួចស្រាវ រលាក​ក្រពះ​ពោះវៀន។ អង្គការ​សុខភាព​ពិភពលោក (WHO) បានរកឃើញថា ជារៀងរាល់ឆ្នាំ​នៅលើ​សកលលោក​មាន ៦៨៥ លាន​ករណី​បង្ក​ដោយវីរុស​ណូរ៉ូ ស្លាប់ប្រមាណ ២០ ម៉ឺននាក់ ក្នុងនោះដែរ ២០០ លាន​ករណី​កើតលើ​កុមារ​អាយុក្រោម ៥ ឆ្នាំ និងមាន​កុមារ​ចំនួន
៥ ម៉ឺននាក់បានស្លាប់។

ដើម្បី​បង្ការ​ជំងឺនេះ ក្រសួង​សុខាភិបាល​បានណែនាំ​ឱ្យប្រជាពលរដ្ឋ​ត្រូវប្រកាន់​អនាម័យ លាងសម្អាត​ដៃឱ្យបាន​ញឹកញាប់ សម្អាត​និងសម្លាប់​មេរោគ​លើផ្ទៃ​ដែលមាន​មេរោគ ចម្អិន​ម្ហូបអាហារ​ឱ្យបាន​ឆ្អិនល្អ ពិសេស​អាហារ​សមុទ្រ ពីព្រោះ​មេរោគ​ស្លាប់នៅ​សីតុណ្ហភាព​លើសពី ៦០ អង្សា ស្នាក់នៅ​ផ្ទះពេលឈឺ​រយៈពេល ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពី​បាត់រោគ​សញ្ញា។ បើមាន​រោគសញ្ញា​ដូចខាងលើ សូមទៅ​ពិគ្រោះ​ជំងឺ​នៅតាម​មណ្ឌល​សុខភាព​ឬមន្ទីរពេទ្យរដ្ឋ​ដែលនៅជិតផ្ទះ​លោកអ្នក៕

你可能还喜欢

评论被关闭。