សម្តេចធិបតី ហ៊ុន ម៉ាណែត បើកកិច្ចប្រជុំផ្លូវការលើកទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចប្រជុំផ្លូវការលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន CDC។
យោងតាមលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័តដោយ CDC បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោងក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ១៤៦ គម្រោង ស្មើនឹង៥៤% បើធៀបនឹងឆ្នាំ២០២៣ដែលមាន ២៦៨ គម្រោង។
រីឯទុនវិនិយោគបានកើនដល់ចំនួន ៦,៩ ប៊ីលានដុល្លារអាម៉េរិក កើនឡើងចំនួន ១,៩៧៣ ប៊ីលានដុល្លារ ស្មើនឹង៤០% បើធៀបនឹងឆ្នាំ២០២៣ដែលមានទុនវិនិយោគ ៤,៩២៧ ប៊ីលានដុល្លារ។
នេះជាកិច្ចប្រជុំផ្លូវការលើកទី១របស់ CDC បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានចាប់ផ្តើមដំណើការ។ កិច្ចប្រជុំនេះ មានវត្តមានលោកឧបនាយករដ្ឋមន្ត្រីដែលជាអនុប្រធានទី១ លោកទេសរដ្ឋមន្ត្រីដែលជាអនុប្រធានទី២ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ អគ្គលេខាធិការរង ដែលជាថ្នាក់ដឹកនាំ CDC សរុបចំនួន ២៤ រូប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤ ដោយមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា៕
评论被关闭。