សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រេសិតពិសេសបារាំង Olivier POIVRE D’ARVOR
នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Olivier POIVRE D’ARVOR ប្រេសិតពិសេសរបស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រ និងតំបន់ប៉ូល នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក Olivier POIVRE D’ARVOR បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាន នូវសមិទ្ធផលជាច្រើនផ្សេងទៀត ហើយលោកមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។
លោកក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា ដោយបានបង្ហាញសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវលើកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។
នាឱកាសនៃជំនួបនេះផងដែរ លោក Olivier POIVRE D’ARVOR ក៏បានពាំនាំនូវការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រលើកទី៣ ដែលនឹងប្រារព្ធឡើងនៅទីក្រុងនីស សាធារណរដ្ឋបារាំង នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងចូលរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងវិស័យឯកជន និងវិស័យឯកជនផងដែរ។
សម្តេចធិបតីក៍បានអរគុណលោកប្រធានាធិបតីបារាំង ដែលបានអញ្ជើញសម្តេចចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រលើកទី៣ សម្តេចនឹងពិចារណាដោយយកចិត្តទុកដាក់ ចំពោះការអញ្ជើញនេះ។
នៅក្នុងជំនួបនេះផងដែរ សម្ដេចធីបតី ហ៊ុន ម៉ាណែត និងលោក Olivier POIVRE D’ARVOR ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាមួយចំនួន លើបញ្ហការប្រែប្រួលអាកាសធាតុជាសកល ផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលរួមចំណែកទៅដល់ការការពារបរិស្ថាន និងការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕
评论被关闭。