សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដីជាទ្រព្យសំខាន់សម្រាប់អនាគត របស់យើងទាំងអស់គ្នា

“ដីជា​ទ្រព្យ​សំខាន់​សម្រាប់​យើងទាំងអស់គ្នា មិនត្រឹមតែ​សម្រាប់​ជាមូលដ្ឋាន​រស់​នៅ តែក៏ជា​មូលដ្ឋាន​​សម្រាប់​ការដាំដុះ​ចិញ្ចឹមជីវិត ហើយដី​ក៏ជា​ទ្រព្យសម្បត្តិ​សម្រាប់​​ការប្រើប្រាស់ ​និងច្នៃទៅ​​ប្រើប្រាស់​តាមសេចក្តី​ត្រូវការ ​និងផែនការ​ជីវិត​ផងដែរ”។

នេះជា​ការលើកឡើង​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងពិធី​​ប្រកាស​បញ្ចប់​ការវាស់វែង​ដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ និងពិធី​ចែកបណ្ណកម្មសិទ្ធិ​ដីធ្លី​ក្នុងខេត្តកំពង់​ចាម កាលពី​ព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤។

បើតាម​សម្តេចធិបតី​បានឱ្យដឹងថា កំពង់ចាម​ជាខេត្ត​ដំបូងគេ​ដែលបាន​បញ្ចប់​ការងារ​វាស់វែង​ដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ ដោយបាន​ចាប់ដំណើរការ​វាស់វែង​ដីធ្លី​លើកដំបូង​ក្នុងអំឡុង​ឆ្នាំ២០២៣ និងបញ្ចប់​ការវាស់វែង​នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នេះជា​ការបើកទំព័រ​ប្រវត្តិសាស្ត្រ​ថ្មីនៃការ​ឈានទៅ​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លី​ជូនប្រជាពលរដ្ឋ​នៅកម្ពុជា ដែលផ្តើមចេញ​ពីខេត្តកំពង់ចាម បន្ទាប់មក​នឹងឆ្ពោះទៅ​បណ្តា​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ដើម្បី​សម្រេច​គោលដៅ​ក្នុងការ​ផ្តល់កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូនប្រជាជន។

ក្នុងរយៈពេល ១៦ ខែ​នៃអាណត្តិ​រាជរដ្ឋាភិបាល​ នីតិកាល​ទី៧ បានពន្លឿន​ការចុះបញ្ជី​ក្បាលដីធ្លី​សរុបប្រមាណ ៣,៤ លាន​ក្បាលដី ហើយគ្រោង​បញ្ចប់​ការងារ​វាស់វែង​នៅឆ្នាំ២០២៥ខាងមុខ។

ការវាស់វែង​ដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ​ និងចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លីនេះ នឹងបម្រើ​ដល់ឧត្តម​ប្រយោជន៍​របស់​ប្រជាជន​គ្រប់រូប ​និងតជំនាន់ ជាមួយគ្នានេះ វាក៏ជា​មូលដ្ឋាន​ច្បាប់​ដ៏រឹងមាំ​ដែល នឹង​ចូលរួម​កាត់បន្ថយ​និងបញ្ចប់​វិវាទ​ដីធ្លី​ទាំងឡាយ ព្រមទាំង​ចូលរួម​បង្កើត​បរិយាកាស​គ្មានវិវាទ​សម្រាប់​សង្គមជាតិ​ ដែលជា​ឫសកែវ​នៃសុខសន្តិភាព។ មួយវិញទៀត ការបញ្ចប់​ការវាស់វែង​ដីធ្លី នឹងអនុញ្ញាតឱ្យ​យើងរៀបចំ​ប្លង់ព្រំប្រទល់​រដ្ឋបាល ​និងនាម​ភូមិសាស្ត្រ ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ ​និងទីធ្លា​សាធារណៈ ប្លង់គោល​ប្រើប្រាស់​ដីធ្លី​និងពង្រីក​កំណើន​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យកាន់តែ​ប្រសើរ​ឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះជា​ប្រវត្តិសាស្ត្រ​ក្នុងរយៈពេល ៥០០ ឆ្នាំ​ដែល​យើង​​មានការ​ឯកភាពជាតិ​ មានរាជរដ្ឋាភិបាល​តែ​មួយ និង សន្តិភាព​ពេញផ្ទៃ​ប្រទេស ដែលបង្ក​លក្ខណៈ​​ឱ្យយើង​អាចវាស់វែង​ដីទាំងអស់​នៅទូទាំង​​ប្រទេស ចុះបញ្ជី​ស្តង់ដា​តែមួយ ហើយទទួលបាន​កម្មសិទ្ធិ​​ពេញ​លេញ។​ ដូចនេះហើយ ​ដីគឺជា​ទ្រព្យ​សំខាន់​សម្រាប់​យើងទាំង​អស់គ្នា មិនត្រឹមតែ​សម្រាប់​ជាមូលដ្ឋាន​រស់​នៅ​ប៉ុណ្ណោះទេ តែក៏ជា​មូលដ្ឋាន​​សម្រាប់​ការដាំដុះ​ចិញ្ចឹម​ជីវិត មិនត្រឹមតែ​ប៉ុណ្ណឹង ដីក៏ជា​ទ្រព្យសម្បត្តិ​សម្រាប់​​ការប្រើប្រាស់ និងច្នៃទៅ​​ប្រើប្រាស់​តាមសេចក្តី​ត្រូវការ​និងផែនការ​ជីវិត​ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ​នាំគ្នា​កែប្រែដី​ដែលធ្លាប់តែ​ស្រពោន ពោរពេញ​​ទៅ​ដោយ​មីន និង​គ្រាប់មិន​​ទាន់ផ្ទុះ ឱ្យទៅជា​ដីដែលប្រកបដោយ​សក្តានុពល​សម្រាប់​ការបង្ក​បង្កើនផល និងផ្តល់នូវ​អត្ថប្រយោជន៍​ផ្សេងៗ ដើម្បី​​បំពេញ​សេចក្តី​ត្រូវការ​ក្នុងការស់នៅ​ប្រកបដោយ​សេចក្តី​សុខសាន្ត៕

你可能还喜欢

评论被关闭。