ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអះអាង​ថា ដោយផ្អែកលើ​កាលានុវត្តភាព ក៏ដូចជា​និន្ននាការ​នៃស្ថានភាព​​វិនិយោគ​នៅកម្ពុជា​ដែលកំពុង​មានកំណើន​ក្នុង​ឆ្នាំ២០២៤ ​ការវិនិយោគ​របស់​កម្ពុជា​សម្រាប់​ឆ្នាំបន្ត​បន្ទាប់​ខាងមុខ នឹងទទួលបាន​កំណើន​និងការរីកចម្រើន​គួរឱ្យ​កត់សម្គាល់ជាក់ជា​មិនខាន។

លោក ស៊ុន ចាន់ថុល បានថ្លែង​បែបនេះ​ក្នុងឱកាស​ដែលលោក​បានដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្រប​សម្រួល​ការ​ងារ​​សម្រាប់​​​​យន្តការ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមាន​ការចូលរួម​ពី​តំណាង​​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដែលជា​សមាជិក គ.ស.រ.ជ. និងសភា​ពាណិជ្ជកម្ម​កម្ពុជា​ដែលជា​តំណាង​វិស័យ​ឯកជន សរុប​ប្រមាណ ៩០ រូប។

លោកបាន​លើកឡើង​អំពី​ស្ថានភាព​វិនិយោគ​នៅកម្ពុជា​ដែលកំពុង​មានកំណើន​គួរឱ្យ​​កត់​សម្គាល់​​ក្នុងឆ្នាំ២០២៤ កាលានុវត្តភាព ក៏ដូចជា​និន្ននាការ​នៃកំណើន​សម្រាប់​ឆ្នាំបន្ត​បន្ទាប់​ខាងមុខ វឌ្ឍនភាព​នៃការងារ​រៀបចំ​និងដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​​នូវប្រព័ន្ធ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​តាម Online (cdcIPM) យន្តការ​ជំរុញ​និងទាក់ទាញ​វិនិ​យោគ​ពីបរទេស ការផ្តល់​កិច្ចសម្រួល​និងសេវា​ថែទាំ​វិនិយោគ ព្រមទាំង​យន្តការ​នៃកិច្ចសន្ទនា​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល តំណាង​ដោយក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា  ជាមួយនឹង​ផ្នែកឯកជន តាមរយៈ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​នានា​ នាពេល​កន្លងមក​ផងដែរ។

កិច្ចប្រជុំ គ.ស.រ.ជ. រៀបចំ​ឡើងក្នុង​គោលបំណង៖ ១. ពិនិត្យ​លើវឌ្ឍនភាព​ការងារ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ពាក់ព័ន្ធ​នឹងយន្តការ វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន (G-PSF)។ ២. កិច្ចពិភាក្សា​លើវឌ្ឍន​ភាព​ការ​ងារ បញ្ហា​ប្រឈម និង សំណូមពរ ក្នុងការ​បង្កើន​ប្រសិទ្ធភាព​នៃកិច្ចសន្ទនា​រវាង​ក្រុម​ការងារ​ផ្នែករាជរដ្ឋាភិបាល​និងផ្នែកឯកជន​តាមវិស័យ​ទាំង១៦។ ទី៣. ពិនិត្យ​និងពិភាក្សា​លើការ​ត្រៀមរៀបចំ​របាយការណ៍​វឌ្ឍនភាព​នៃការអនុវត្ត វិធានការ​ដែលបាន​ដាក់ចេញ​ក្នុងវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន​ប្រចាំ​ឆមាស​ទី២ ឆ្នាំ២០២៤។

នៅក្នុង​កិច្ចប្រជុំនេះ លោក ស៊ុន ចាន់ថុល ក៏បាន​លើកឡើង​នូវចំណុច​សំខាន់ៗ​មួយចំនួន រួមមាន៖ របៀបវារៈ​និងគោល​បំណង​នៃកិច្ចប្រជុំ សារៈសំខាន់​នៃយន្តការ G-PSF ក្នុងការ​រួមចំណែក​​ធ្វើឱ្យ​​កាន់តែ​ប្រសើរឡើង​នូវបរិយាកាស​ធុរកិច្ច​និង​វិនិយោគ​នៅកម្ពុជា វិធានការ​កែទម្រង់​មុតស្រួច​​ជាកញ្ចប់​សំខាន់ៗ ដែលបាន​ដាក់ចេញ​ក្នុងវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន​លើកទី១៩ សាវតារ​នៃការបង្កើត​ការពង្រឹង​និងពង្រីក​តួនាទី​ភារកិច្ច ក៏ដូចជា​វិសាលភាព​ការងារ​របស់ គ.ស.រ.ជ. និងការ​ពង្រីក​វិសាល​ភាព​ជាបន្តបន្ទាប់​របស់​ក្រុមការងារ​តាមវិស័យ​នៃយន្តការ G-PSF ក៏ដូចជា​វឌ្ឍនភាព​ការងារ​សំខាន់ៗ​ដែលសម្រេចបាន​ក្នុងយន្តការ G-PSF នាពេលកន្លងមក។

យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ៤១៤ គម្រោង​ មានការកើនឡើង​ចំនួន ១៤៦ គម្រោង ស្មើនឹង៥៤% បើធៀបនឹង​ឆ្នាំ២០២៣​ដែលមាន​ ២៦៨ គម្រោង។ រីឯ​ទុនវិនិយោគ​បានកើនដល់​ចំនួន​ ៦,៩ ប៊ីលាន​ដុល្លារអាម៉េរិក​ កើនឡើង​ចំនួន​ ១,៩៧៣ ប៊ីលានដុល្លារ​ ស្មើនឹង៤០% បើធៀបនឹង​ឆ្នាំ២០២៣​​ដែលមាន​ទុនវិនិយោគ ៤,៩២៧ ប៊ីលានដុល្លារ​៕

你可能还喜欢

评论被关闭。