សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ២២២៥ នាក់
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២៤ ចំនួន ២ ២២៥ នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកំណែទម្រង់វិស័យអប់រំនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
សម្តេចធិបតីថ្លែងថា លទ្ធផលដ៏ប្រសើរនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង តួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្ស ជាពិសេសឪពុកម្តាយ និងអាណាព្យាបាល ដើម្បីជួយឱ្យពួកគេទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការផលិតបាននូវសិស្សនិទ្ទេស A រាប់ពាន់នាក់ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើនក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឱ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេស។
គួររម្លឹកថា បេក្ខជនដែលបានប្រឡងជាប់ក្នុងសម័យប្រឡង ៨ តុលា ២០២៤ សរុបចំនួន ១០៦ ៣៥១ នាក់ ស្មើនឹង ៧៩% នៃបេក្ខជនមកប្រឡងសរុប ដែលភាគរយបេក្ខជនប្រឡងជាប់ខ្ពស់ជាងឆ្នាំ២០២៣ដែលមានត្រឹមតែ ៧២,៨៩%៕
评论被关闭。