កម្ពុជាសម្រេចបានសមិទ្ធផលធំៗ ៥ ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ២០ ឆ្នាំ
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹងថា រយៈពេល ២០ ឆ្នាំដែលកម្ពុជាបានក្លាយជាសមាជិកពេញលេញទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗចំនួន ៥ ដែលបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
ការណ៍ដែលកម្ពុជាក្លាយជាសមាជិកពេញលេញរបស់ WTO បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម ជំរុញការវិនិយោគ និង គាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។ ក្នុងរយៈពេលជាង ២ ទសវត្សរ៍មកនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗចំនួន ៥ ៖
១. ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ប៊ីលានដុល្លារអាម៉េរិក ខណៈឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ប៊ីលានដុល្លារ។
២. ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១,៦% ធ្លាក់ពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ ហើយសេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងជាង ៧% ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។
៣. ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី ១១០ លានដុល្លារនៅឆ្នាំ២០០០ រហូតដល់ ៤,៩ ប៊ីលានដុល្លារនៅឆ្នាំ២០២៣។
៤. ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ប៊ីលានដុល្លារនៅឆ្នាំ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៤៧,៨៨ ប៊ីលានដុល្លារនៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២៣,៤៧ ប៊ីលានដុល្លារ។
៥. ទំនិញនាំចេញរបស់កម្ពុជា ត្រូវបានធ្វើពិពិធកម្មជាបន្តបន្ទាប់ ដោយបន្ថែមពីលើទំនិញសម្លៀកបំពាក់ ដែលជាទំនិញនាំចេញចម្បង កម្ពុជាបានបង្កើនមុខទំនិញនាំចេញបន្ថែម ដូចជាអង្ករ សម្ភារៈ ធ្វើដំណើរ និងកាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិក និងភាគបង្គំ និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។ ក្នុងឆ្នាំ២០២៣ ទំហំនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជា រួមមានសម្លៀកបំពាក់ ៧,៨៦ ប៊ីលានដុល្លារ អង្ករ ១,៧២ ប៊ីលានដុល្លារ សម្ភារៈធ្វើដំណើរ និងកាបូប ១,៦៣ ប៊ីលានដុល្លារ ស្បែកជើងនិងស្រោមជើង ១,៣៦ ប៊ីលានដុល្លារ គ្រឿងអេឡិចត្រូនិក និងភាគបង្គំ ៣,១២ ប៊ីលានដុល្លារ និង កង់ ៤៨៩,៦១ លានដុល្លារ។
គួររម្លឹកថា កម្ពុជាចូលជាសមាជិក WTO កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ខណៈបច្ចុប្បន្ន WTO មានសមាជិកសរុបចំនួន ១៦៦ ប្រទេស៕
评论被关闭。