ឯកអគ្គរដ្ឋទូតចប់អាណត្តិឥណ្ឌា ចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត
នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត ចប់អាណត្តិនៃសាធារណរដ្ឋឥណ្ឌា បានចូលជួបសម្ដែងការគួរសមនិងជម្រាបលាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោកស្រី Devyani Khobragade បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកស្រី និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកស្រីទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។
លោកស្រីបានបន្ថែមថា តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកស្រីមានសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសំខាន់របស់លោកស្រី Devyani Khobragade ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរប្រកបដោយផ្លែផ្កា។
នៅក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី Devyani Khobragade បានសម្ដែងនូវការពេញចិត្ តនិងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសក្ដានុពលជាច្រើន មានជាអាទិ៍ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិត វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខ និងការពារជាតិ ឌីជីថល ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ និង ការភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ព្រមទាំងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕
评论被关闭。