ចាប់ពី ១ មករា ២០២៥ នគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការដកហូតបណ្ណបើកបរដែលអស់ពិន្ទុឬពិន្ទុសូន្យ
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី-ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុឬពិន្ទុសូន្យ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា។
យោងតាមសេចក្តីជូនដំណឹងស្តីពី ការអនុវត្តដកបណ្ណបើកបរយានយន្តដែលអស់ពិន្ទុឬពិន្ទុសូន្យ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងធានាគ្រប់គ្រងប្រកបដោយតម្លាភាពនូវការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី-ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទដែលអស់ពិន្ទុឬពិន្ទុសូន្យ។
អគ្គស្នងការដ្ឋាននគរបាលជាតិអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែមឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
អគ្គស្នងការដ្ឋាននគរបាលជាតិសង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែប្រសើរជាលំដាប់៕
评论被关闭。