លោក វ៉ាង វិនពីន៖ ចិននឹងបន្តជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា ឱ្យកាន់តែរីកចម្រើន

នាព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា នៅទីស្ដីការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ រាជធានីភ្នំពេញ។

ក្នុងឱកាស​នៃជំនួប​នេះ  លោក វ៉ាង វិនពីន បានគូសបញ្ជាក់​ថា តាមរយៈ​ចំណង​មិត្តភាព​ដ៏យូរ​អង្វែង​ជាមួយ​កម្ពុជា ​ចិននឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែមទៀត ដោយបន្ត​ផ្តល់​ជំនួយ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅជនបទ ពិសេស​ផ្ដោតលើ​ការផ្គត់ផ្គង់​ទឹកស្អាត​ជនបទ និងជួយ​ក្នុងការ​អភិវឌ្ឍ​ភូមិគំរូ​នៅកម្ពុជា។ លោកក៏បាន​កោតសរសើរ​និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជាសេនា​ធិការ បានប្រែក្លាយ​តំបន់​ជនបទ​ឱ្យមាន​ភាពរីកចម្រើន តាមរយៈ​ការកាត់បន្ថយ​ភាពក្រីក្រ។

ជាការឆ្លើយតប លោក ឆាយ ឫទ្ធិសែន បានអរគុណ​រដ្ឋាភិបាល​ចិន​ដែលតែងតែ​ជួយគាំទ្រ​ដល់​កម្ពុជា  និងជា​ដៃគូ​សហការ​យ៉ាងស្អិតល្មួត​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ លើផ្នែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ជនបទ ការគាំទ្រ​លើសេវា​ទឹកស្អាត​និងអនាម័យ។ លោកក៏បាន​លើកអំពី​ទិសដៅ​យុទ្ធសាស្រ្ត​មួយទៀត​ដែលក្រសួង​កំពុង​យកចិត្ត​ទុកដាក់​និងអនុវត្ត នោះគឺ​ការរៀបចំ​ភូមិគំរូ ដោយកម្មវិធី​នេះក៏ស្ថិត​ក្នុងយុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។

លោក ឆាយ ឫទ្ធិសែន ក៏បាន​ប្រាប់លោក វ៉ាង វិនពីន អំពី​ចក្ខុ​វិស័យ​និងទិសដៅ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​ប្រែក្លាយ​ទីជនបទ​ឱ្យមាន​ភាពរីកចម្រើន មានកំណើន​ប្រាក់ចំណូល​ក្នុងគ្រួសារ និងប្រជាជន​ជនបទ​មានសុខភាពល្អ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅជនបទ និងកាត់បន្ថយ​គម្លាត​សង្គម តាមរយៈ​ការកំណត់​យកចក្ខុ​វិស័យ ការលើក​កម្ពស់​គុណភាព​និងគុណតម្លៃ​នៃជីវិត​រស់នៅ​របស់​ប្រជាជន​ជនបទ ប្រកបដោយ​បរិយាបន្ន​ទាំងផ្នែក​សេដ្ឋកិច្ច សង្គម និង វប្បធម៌។ ក្នុងនោះ ក្រសួង​បានបន្ត​ដាក់ចេញ​យុទ្ធសាស្ត្រ​ចំនួន៤ រួមមាន៖ ១. ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​និងគមនាគមន៍។ ២. ការលើក​កម្ពស់​សុខភាព អនាម័យ និង បរិស្ថាន​រស់នៅ​របស់​សហគមន៍​ជនបទ។ ៣. ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ជនបទ។ ៤. ពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល​និងកិច្ចការ​ទូទៅ៕

你可能还喜欢

评论被关闭。