ស្ថានទូតចិនបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា

ស្ថានទូតចិន​ប្រចាំ​កម្ពុជា​បន្ត​ពង្រឹង​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង ស្ថាប័នរដ្ឋ​នៃប្រទេស​កម្ពុជា តាមរយៈ​ការជួបពិភាក្សា​ការងារ​រវាង​លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ជាមួយថ្នាក់ដឹកនាំ​នៃក្រសួង ស្ថាប័ន​របស់​កម្ពុជា។

ត្រឹមរយៈពេល ២ ថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ាង វិនពីន បានជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ផែនការ ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ និង លេខាធិការដ្ឋានកិច្ចការព្រំដែន។

​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ​លោក វ៉ាង វិនពីន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​​លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រី​ក្រសួង​ផែនការ។ ជំនួប​នេះបានផ្តោតលើ​ការពង្រឹង ​និងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែ​មានទំនាក់​ទំនង​ល្អប្រសើរឡើង ក្នុងភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងជា​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ ដើម្បី​រួមគ្នា​កសាង​សហគមន៍​ជោគវាសនា​រួម។

លោក ប៊ិន ត្រឈៃ បានលើក​សំណើ​ចំពោះ​ភាគីចិន​ចំនួន ៣ ចំណុច៖ (១) បន្តផ្តល់​កិច្ចសហការ​ដល់ក្រសួង​ផែនការ​ឱ្យកាន់តែ​ទូលំ​ទូលាយ​បន្ថែមទៀត។ (២) ជួយដល់​ក្រសួង​ផែនការ​លើការ​បណ្ដុះបណ្ដាល ​និងពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ តាមរយៈ​ការបណ្ដុះ​បណ្ដាល​រយៈពេល​វែង​លើវិស័យ​ស្ថិតិ ផែនការ និង ការវិភាគ​ភាគលាភ​ប្រជាសាស្ត្រ។ (៣) បន្ត​ពង្រឹង​កិច្ចសហការ​ផ្សេងៗ​ទៀត។

លោក វ៉ាង វិនពីន បានសម្ដែង​នូវការ​អបអរសាទរ​ចំពោះ​កម្ពុជា សម្រាប់​ការត្រៀមខ្លួន​ចាកចេញ​ពីចំណាត់​ក្រុមប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC)។ លោកនឹង​បន្ត​ជំរុញ​ទៅស្ថាប័ន​ជំនាញ​ក្នុងអាណត្តិ​តួនាទី ក្នុងការ​ពង្រឹង​បន្ថែម​នូវកិច្ចសហប្រតិបត្តិការ​ល្អជាមួយ​ក្រសួង​ផែនការ។

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ាង វិនពីន បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍។ ភាគី​ទាំងពីរ​បានពិភាក្សា​លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ក្នុងវិស័យ​ទាំងបី និងការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ផ្នែកឌីជីថល​។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ាង វិនពីន បានជួបពិភាក្សា​ការងារ​ជាមួយ​លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា។ ភាគី​ទាំងពីរ​បានពិភាក្សា​ពីកិច្ចសហការ​លើកិច្ចការ​ព្រំដែន ដោយភាគីចិន​ នឹងបន្ត​គាំទ្រ​ដល់កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុងការ​រក្សា​ស្ថិរភាព ​និងកិច្ចប្រឹងប្រែង​លើកកម្ពស់​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន។

លោក វ៉ាង វិនពីន បានមកដល់​ប្រទេស​កម្ពុជា​កាលពី​រាត្រី​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បី​ចូលកាន់​តំណែងជាឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា។ ក្រោយពេល​ចូលកាន់​តំណែង​ជាផ្លូវការ លោក វ៉ាង វិនពីន មានភាព​សកម្ម​យ៉ាងខ្លាំង ​ក្នុងការ​ចូលរួម​កិច្ចការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការពង្រឹង ​និងពង្រីក​ទំនាក់​ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និងចិន៕

你可能还喜欢

评论被关闭。