រដ្ឋមន្ត្រីកិច្ចការនារី អ៊ឹង កន្ថាផាវី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន

កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី​កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា នៅទីស្តីការ​ក្រសួង​កិច្ចការ​នារី រាជធានី​ភ្នំពេញ។ ភាគី​ទាំងពីរ​បានបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និងចិន លើការ​លើកកម្ពស់​តួនាទី​ស្រ្តីនិង​ក្មេងស្រី។

នៅក្នុងជំនួបនោះ លោកស្រី អ៊ឹង កន្ថាផាវី និងលោក វ៉ាង វិនពីន បានរំលេច​អំពី​សមិទ្ធផល​នៃកិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​កិច្ចការ​នារី​កម្ពុជា​និងចិន​កន្លងមក ជាពិសេស​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន និងតាមរយៈ​មូលនិធិ​ពិសេស​មេគង្គ-ឡានឆាន​លើគម្រោង​ថ្នាក់តំបន់​ដែលដឹកនាំ​ដោយក្រសួង​កិច្ចការ​នារី ក្នុងការ​បង្កើន​ភាពអង់អាច​ផ្នែកសេដ្ឋកិច្ច​ដល់ស្ត្រី​ក្នុងយុគសម័យ​ឌីជីថល និងការ​បញ្ជ្រាប​យេនឌ័រ​ក្នុងសកម្មភាព​អាកាសធាតុ។

ភាគី​ទាំងពីរ​ក៏បានពិភាក្សា​គ្នាដោយផ្តោត​សំខាន់​លើការ​ពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​កិច្ចការ​នារី តាមរយៈ​ការចាប់ផ្តើម​អនុវត្ត​គម្រោង Chun Lei ដើម្បី​លើក​កម្ពស់​ការសិក្សា​របស់​ក្មេងស្រី​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​និងការអប់រំ​ដែលផ្តោតលើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ដែលកម្មវិធី​នេះបាន​អនុវត្ត​អស់រយៈពេល ៤៥ ឆ្នាំ​កន្លងមក​នៅប្រទេស​ចិន ដោយទទួលបាន​ពានរង្វាន់​ពីអង្គការ​សហប្រជាជាតិ ក្នុងការ​លើកកម្ពស់​ការសិក្សា​អប់រំ​របស់​ក្មេងស្រី ដែលស្ថិតនៅ​ក្រុមងាយ​រងគ្រោះ​និងក្រីក្រ ហើយកម្ពុជា​ជាប្រទេស​ទី១ដែលចិន​បានជ្រើសរើស​ សម្រាប់​ការចាប់ផ្តើម​គម្រោង​នៅក្រៅ​ប្រទេស និងឈានទៅ​កម្មវិធី​ជាសកល។

ភាគី​ចិននឹង​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ លើវិស័យ​អប់រំ​សម្រាប់​កុមារី​និងស្ត្រី​ជាមួយ​ភាគី​កម្ពុជា ជួយយុវនារី​ឱ្យចេះ​ជំនាញ​វិជ្ជាជីវៈ និងបង្កើត​ជីវភាព​រស់នៅ​ឱ្យកាន់តែ​ល្អប្រសើរ​ឡើង៕

你可能还喜欢

评论被关闭。