អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានបើកដំណើរការសាកល្បង
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានបើកដំណើរការសាកល្បង ដោយទទួលជើងហោះហើរទីមួយ ដែលជាជើងហោះហើរជួល (Charter) ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយនឹងអ្នកដំណើរជាង ៥០ នាក់។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ មានទីតាំងស្ថិតនៅស្រុកគិរីសាគរនិងស្រុកបុទុមសាគរ ខេត្តកោះកុង ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Coastal Airport Investment (CAI) ក្នុងទឹកប្រាក់ ២០០ លានដុល្លារអាម៉េរិក។ នៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍលើផ្ទៃដីទំហំ ២១៨ ហិកតា និងនៅជំហានបន្ទាប់ក្រុមហ៊ុនក៏ត្រៀមបម្រុងដីសម្រាប់ការអភិវឌ្ឍបន្ថែមចំនួន ១ ពាន់ហិកតា។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតលើដីនៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group។
ថ្លែងនៅក្នុងពិធី «ស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួល មកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ» លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា សមិទ្ធផលនេះគឺកើតចេញពីកិច្ចសហការដ៏ល្អ រវាងក្រុមការងាររបស់ក្រុមហ៊ុន CAI ជាមួយនឹងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោកបានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ខេត្តកោះកុងទៅកាន់អាកាសយានដ្ឋានដទៃទៀត ទាំងក្នុងស្រុកនិងអន្តរជាតិ ហើយវាក៏នឹងជួយលើកកម្ពស់តំបន់ទេសចរណ៍ ពាណិជ្ជកម្ម និង សេដ្ឋកិច្ចកម្ពុជាផងដែរ។
នេះជាការសាកល្បង ដើម្បីឈានទៅធ្វើការហោះហើរជាផ្លូវការនៅពេលខាងមុខ ដោយបើកជើងហោះក្នុងស្រុកពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និង បទដ្ឋានបច្ចេកទេសនាពេលខាងមុខ។
បើតាមក្រុមហ៊ុន CAI អាកាសយានដ្ឋានអន្តរជាតិតារាសាគរ រំពឹងទទួលបានអ្នកដំណើរប្រមាណ ៧ លាននាក់ និងទំនិញប្រមាណ ១ ម៉ឺនតោនក្នុង ១ ឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់ ២០ លាននាក់ និងទំនិញ ៦ ម៉ឺនតោនក្នុង ១ ឆ្នាំ ចាប់ពីឆ្នាំ ២០៣០-២០៥០៕
评论被关闭。