ក្រុមហ៊ុនចិននិងសិង្ហបុរី ចាប់អារម្មណ៍ចំពោះសក្ដានុពលវិនិយោគ នៅកម្ពុជា
ប្រតិភូក្រុមហ៊ុនចិននិងសិង្ហបុរីចាប់អារម្មណ៍ការវិនិយោគ លើការផលិតគ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និង អចលនទ្រព្យនៅកម្ពុជា។
នៅក្នុងជំនួបការងាររវាងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនចិននិងសិង្ហបុរី ដែលតំណាងដោយលោក Darren Teng នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia Securities Plc. កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីខាងគណៈប្រតិភូ បានបង្ហាញពីគោលបំណង ផ្លាស់ប្តូរព័ត៌មានសំខាន់នានា ពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនៃជំនួបនេះ លោក នុត អ៊ុនវ័ណរ៉ា បានលើកឡើងអំពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់នៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃផលិតផលក្នុងស្រុកសរុបជាលំដាប់ ស្ថិរភាពនៃអត្រាប្តូរប្រាក់និងអតិផរណា និង កំណើននៃគម្រោងវិនិយោគ។ រីឯបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ ច្បាប់ និង បទប្បញ្ញត្តិ សំដៅធានាបាននូវភាពបើកចំហ តម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និង អនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យដោយគ្មានការរើសអើង។
លោកបានស្វាគមន៍និងលើកទឹកចិត្តដល់វិនិយោគិនចិននិងសិង្ហបុរី ឱ្យចាប់យកសក្តានុពលដ៏សម្បូរបែបនិងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្តដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោក Darren Teng បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ លោកជឿជាក់ថា វិនិយោគិនដែលបានអមដំណើរក្នុងបេសកកម្មការងារនេះ នឹងសម្លឹងមើលឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និង អចលនទ្រព្យ៕
评论被关闭。