កូនបំណុលបុរីអាចផ្ទេរបំណុលពីម្ចាស់បុរីទៅគ្រឹះស្ថានធនាគារវិញ ជាមួយលក្ខខណ្ឌប្រសើរជាង

កិច្ចប្រជុំ​រវាង​វិស័យ​អចលនទ្រព្យ​និងតំណាង​គ្រឹះស្ថាន​ធនាគារ ​និងហិរញ្ញវត្ថុ បានធ្វើឡើង​នារសៀល​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់។

កិច្ចប្រជុំ​នេះមានការ​ចូលរួម​ពីម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ (ម្ចាស់បុរី) ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង តំណាង​មកពី​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ។

កិច្ចប្រជុំ​នេះធ្វើឡើង​ក្នុងគោល​បំណង​ពិភាក្សា​លើបញ្ហា​ប្រឈម​នានា ក្នុងវិស័យ​សំណង់​ និងអចលនទ្រព្យ ជាពិសេស​ការស្វែងរក​ដំណោះស្រាយ ​ចំពោះ​បញ្ហា​របស់​អតិថិជន ដែលទិញផ្ទះ​បង់រំលស់​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ (ម្ចាស់បុរី)។

អង្គប្រជុំ​ក៏បាន​ពិភាក្សា​លើការ​ស្វែងរក​លទ្ធភាព​ក្នុងការ​ផ្ទេរអតិថិជន​ទាំងនោះ​ទៅគ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ ដែលជា​ទូទៅ​ផ្តល់ជូន​ឥណទាន​ដែលមាន​អត្រា​ការប្រាក់​ទាបជាង និងមានការ​វាយតម្លៃ​លទ្ធភាព​សងត្រឡប់​បានល្អ​ប្រសើរជាង។ កិច្ចសម្របសម្រួល​នេះនឹងជួយ​ម្ចាស់បុរី​ដែលជាប់គាំង​ទុនបង្វិល​ឱ្យបាន​ទទួល​ដើមទុន​មកវិញ ដើម្បី​បន្ត​ការអភិវឌ្ឍ​របស់​ពួកគេ ហើយក៏នឹង​ជួយអតិថិជន​ឱ្យទទួលបាន​ឥណទាន​ទិញផ្ទះ​ពីគ្រឹះស្ថាន​ធនាគារ ដែលមាន​ការប្រាក់​ទាបជាង​និងមានរយៈ​ពេលសង​ត្រឡប់​យូរជាង​រហូត​ដល់ទៅ ២៥ ឆ្នាំឬ ៣០ ឆ្នាំ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា បានបញ្ជាក់ថា ឈរលើ​គោលការណ៍​បន្ធូរបន្ថយ​បទប្បញ្ញត្តិ​មួយចំនួន​ដែលបាន​អនុវត្ត​នាពេល​កន្លងមក ដែលរួមមា​នដូចជា​ការអនុញ្ញាត​ឱ្យរៀប​ចំឥណទាន​ឡើងវិញ ការពន្យារ​រយៈពេល​សងត្រឡប់ និង ការសម្រួល​ក្នុងការ​ផ្តល់ឥណទាន​ការប្រាក់​ទាបសម្រាប់​អ្នកទិញ​ផ្ទះលើកដំបូង​ជាដើម ធនាគារជាតិ​នៃកម្ពុជា​នឹងបន្ត​ផ្តល់កិច្ច​សម្របសម្រួល​នានា​បន្ថែមទៀត ស្របតាម​ភាពចាំបាច់​ជាក់ស្តែង ដើម្បី​ផ្តល់លទ្ធភាព​ដល់គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ ក្នុងការ​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ដល់អតិថិជន​ទទួល​ឥណទាន។

លោក សាយ សំអាល់ ក្នុងនាម​ជាប្រធាន​អង្គប្រជុំ បានបញ្ជាក់ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ នឹង​បង្កើត​ក្រុមការងារ​ដែលមាន​សមាសភាព​ពីគ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​ធ្វើការ​លើបញ្ហា​ជាក់ស្តែង​នីមួយៗ​ឱ្យបាន​លម្អិត សំដៅ​រកដំណោះស្រាយ​ឱ្យបានឆាប់​និងប្រសិទ្ធភាព​ខ្ពស់៕

你可能还喜欢

评论被关闭。