កម្ពុជា-បារាំងពន្លឿនការចរចាលើកិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នា
កម្ពុជានិងបារាំងកំពុងពន្លឿនការចរចាទ្វេភាគី ដើម្បីបញ្ចប់កិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា (DTA) ឱ្យបានឆាប់ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនិងលំហូរវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។
កាលពីពេលថ្មីៗនេះ គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារនិងគណៈប្រតិភូបារាំង បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមួយ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងស្វែងរកជំហររួមចំពោះចំណុចដែលពុំទាន់បានឯកភាពគ្នា ក្រោយកិច្ចប្រជុំចរចាកិច្ចព្រមព្រៀង DTA រវាងកម្ពុជា-បារាំងជុំទី២ ដើម្បីអាចឈានទៅបញ្ចប់ការចរចាឱ្យបានឆាប់។
នេះជាកិច្ចប្រជុំចរចាលើកទី៣ បន្ទាប់ពីភាគីទាំងពីរធ្លាប់បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូចំនួន ២ លើករួចមក កាលពីថ្ងៃទី២ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ តាមរយៈកិច្ចប្រជុំនេះ ការចរចាទទួលបាននូវវឌ្ឍនភាពជាវិជ្ជមានគួរឱ្យកត់សម្គាល់ ភាគីទាំងពីរបានយល់ច្បាស់ពីគ្នាទៅវិញទៅមកអំពីចំណុចដែលជាគោលនយោបាយ និងចំណុចដែលអាចផ្តល់ភាពទន់ភ្លន់ ព្រមជាមួយនឹងការផ្តល់ជាជម្រើសដល់គ្នាទៅវិញទៅមក ដើម្បីជាការសម្របសម្រួលក្នុងគោលបំណងឈានទៅសម្រេចការចរចាឱ្យបានឆាប់។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានលើកឡើងថា កិច្ចព្រមព្រៀង DTAមានសារៈសំខាន់ណាស់ចំពោះវិនិយោគិន ជាពិសេសអ្នកដែលមកពីប្រទេសដែលធ្វើពាណិជ្ជកម្មធំៗជាមួយកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងនេះ អ្នកវិនិយោគបង់ពន្ធលើប្រាក់ចំណេញត្រឹមតែ ១០% ប៉ុណ្ណោះ បើធៀបនឹងការបង់ ១៤% ដែលជាអត្រាជាប់ពន្ធ។ ដូច្នេះ ការបន្តកិច្ចព្រមព្រៀងបែបនេះទៅកាន់ប្រទេសកាន់តែច្រើន នឹងជួយជំរុញការវិនិយោគជាមួយប្រទេសដែលបានចុះហត្ថលេខានោះកាន់តែច្រើន។
យោងតាមសភាពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជា-បារាំង (CCIFC) បច្ចុប្បន្នមានសមាជិកភាពរួមមានក្រុមហ៊ុនបារាំងចំនួន ១៥០ ខណៈការស្ទង់មតិផ្នែកទីប្រឹក្សាពាណិជ្ជកម្មបរទេសបារាំងប្រចាំកម្ពុជា បានរកឃើញថាមានក្រុមហ៊ុនបារាំងជាង ៥០០ កំពុងធ្វើអាជីវកម្មនៅកម្ពុជា។
ប្រទេសបារាំងជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ធំមួយរបស់កម្ពុជា។ កាលពីឆ្នាំ២០២៣ កម្ពុជានិងបារាំងមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥១៥,២១ លានដុល្លារអាម៉េរិក ហើយរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានចំនួន ២០៦,៤១ លានដុល្លារ៕
评论被关闭。