គម្រោងលើកកម្រិតគុណភាពផ្លូវជាតិស្រែអំបិល- កោះកុងសម្រេចបាន៧៨%
របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចវឌ្ឍនភាពបាន ៧៨% ហើយ ក្រុមការងារការដ្ឋានគម្រោងនេះកំពុងសម្រុកការសាងសង់ ដើម្បីបញ្ចប់គម្រោងនេះនៅចុងរដូវប្រាំង (អំឡុងខែមេសា) ឆ្នាំ២០២៥ តាមការគ្រោងទុក។
ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (បំបែកស្រែអំបិល) ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង វាជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និង ទេសចរណ៍។
រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក សូរ វ៉ិចទ័រ នាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តែងចុះពិនិត្យនិងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនដោយផ្ទាល់និងជាប្រចាំ សំដៅធានាការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា ដោយធានាបានទាំងគុណភាពនិងសោភ័ណភាព។
ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨នេះ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ត្រូវប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលអាចបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ និងអាចបង្កឱ្យមានគ្រោះថ្នាក់ជាយកថាហេតុ ជាពិសេសចំណុចឡើងទួលនិងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួលនិងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃ និងជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ៕
评论被关闭。