ផ្លូវ ៦០ ម៉ែត្រមិនដាក់របាំងចែកទ្រូងផ្លូវ ព្រោះទុកសម្រាប់ជួយសង្គ្រោះយន្តហោះក្នុងគ្រាអាសន្ន
មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ តែងកើតមានគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ ថែមទាំងបង្កឱ្យមានអ្នកស្លាប់បាត់បង់ជីវិតទៀតផង ធ្វើឱ្យមជ្ឈដ្ឋានមហាជនផ្ទុះការវែកញែក និងចង់ឱ្យអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដាក់របាំងខណ្ឌចែកទ្រូងផ្លូវ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
ផ្លូវ ៦០ ម៉ែត្រ មានទីតាំងនិងលាតសន្ធឹងឆ្លងកាត់សង្កាត់ចំនួន ៣ គឺសង្កាត់ចាក់អង្រែលើនិងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទាក់ទិននឹងការលើកឡើងខាងលើ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ផ្លូវនេះមានប្រវែង ៩ គីឡូម៉ែត្រនិងទទឹង ៦០ ម៉ែត្រ វាមានលទ្ធភាពទុកជាកន្លែងយន្តហោះចុះចត ឬជួយសង្រ្គោះយន្តហោះដែលមានបញ្ហាជាយថាហេតុ មិនអាចចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបាន ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញមិនមានគោលការណ៍ដាក់របាំងខណ្ឌចែកទ្រូងផ្លូវលើផ្លូវ ៦០ ម៉ែត្រនេះទេ។
លោក ឃួង ស្រេង បន្ថែមថា ទោះបីមិនមានរបាំងខណ្ឌចែកទ្រូងផ្លូវក៏ដោយ ឱ្យតែមានការគោរពនិងមិនបំពានច្បាប់ចរាចណ៍ វានឹងជួយឱ្យអ្នកធ្វើដំណើរទាំងអស់ជៀសឆ្ងាយពីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅ។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ជាពិសេសកុំបើកបរលើសល្បឿនកំណត់ កុំបំពានគំនូសផ្លូវនិងស្លាកសញ្ញាជាដើម។
ចំណែកអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងដែរថា ក្រសួងកំពុងសិក្សាបំពាក់ភ្លើងសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពតាមបណ្ដាយផ្លូវ ៦០ ម៉ែត្រនេះ។ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងសហការគ្នារៀបចំលំហូរចរាចរណ៍ឱ្យកាន់តែប្រសើរថែមទៀត។
គួររម្លឹកថា កាលពីឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ផ្លូវ ៦០ ម៉ែត្រអាចជាផ្លូវសម្រាប់ចុះចតយន្តហោះប្រភេទមួយចំនួន ក្នុងករណីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានបញ្ហាណាមួយកើតឡើង និងមិនអាចអនុញ្ញាតឱ្យយន្តហោះចុះចតបាន។ មួយទៀត ក្នុងករណីយន្តហោះមិនមានសាំងគ្រប់គ្រាន់ដើម្បីប្តូរទៅចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឬអាកាសយានដ្ឋាននៅប្រទេសវៀតណាម ឬអាកាសយានដ្ឋាននៅប្រទេសថៃ ជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺអាចធ្វើការចុះចតនៅផ្លូវ ៦០ ម៉ែត្រនេះបាន។
ផ្លូវ ៦០ ម៉ែត្រជាផ្លូវដែលមានចរាចរណ៍ដ៏មមាញឹកមួយនិងប្រកបដោយសក្តានុពលសេដ្ឋកិច្ច ក្រុមហ៊ុននិងគម្រោងអចលនទ្រព្យធំៗជាច្រើនសុទ្ធតែស្ថិតនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រនេះ ក្នុងនោះរួមមានផ្សារទំនើប អ៊ីអន មានជ័យ (អ៊ីអន ៣) ផងដែរ៕
评论被关闭。