ក្រសួងដែនដីដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាសុរិយោដី ៧ មុខបន្ថែមទៀតតាមប្រព័ន្ធអនឡាញ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​បន្ថែម​នូវសេវា​សុរិយោដី​ចំនួន ៧ មុខនៅរាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ តទៅ។ នេះបើ​យោងតាម​សេចក្តី​ជូនដំណឹងរបស់​ក្រសួង​ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

សេចក្តី​ជូនដំណឹង​នេះបានឱ្យ​ដឹងថា ដើម្បី​រួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដែលបាន​កំណត់​យកអាទិភាព​គន្លឹះ​ចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេស​គឺបច្ចេកវិទ្យា​ឌីជីថល សម្រាប់​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្មទី៤ និងបរិវត្តកម្ម​ឌីជីថល​នៃសេដ្ឋកិច្ច​និងសង្គម​កម្ពុជា ដើម្បី​ពង្រឹងប្រសិទ្ធភាព​ការងារ​ផ្តល់សេវា​សាធារណៈ​ឱ្យដល់ដៃ​ប្រជាជន មានភាព​ងាយស្រួល រហ័ស​ទាន់ចិត្ត និង ដើម្បី​ចូលរួម​អបអរសាទរ​ខួបលើកទី ៤៦ នៃទិវា​ជ័យជម្នះ ៧ មករា ក្រសួង​នឹងដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​នូវសេវា​សុរិយោដី​បន្ថែម​ចំនួន ៧ មុខនៅរាជធានី​ភ្នំពេញ តាមប្រព័ន្ធ​អនឡាញ រួមមាន៖ (១) ការចុះលេខ​ដោយស្វ័យប្រវត្តិ (២) សេវា​បង្រួម​ក្បាលដី (៣)សេវា​បំបែក​ក្បាលដី​ដោយមិនផ្ទេរ (៤) សេវា​បំបែក​លក់ផ្តាច់ (៥) សេវា​បំបែក​អំណោយផ្តាច់ (៦) សេវា​បំបែក​ចំណែក​ឯកជន​នៃអគារ​សហកម្មសិទ្ធិ និង (៧) សេវា​បំបែកកម្មសិទ្ធិទ្រព្យអវិភាគ។

សេចក្តី​ជូនដំណឹង​នេះបានគូសបញ្ជាក់​ថា សាធារណជន​ទាំងអស់​អាចដាក់ពាក្យ​ស្នើសុំ​តាមរយៈគេហទំព័រ https://mlmupc.gov.kh ឬគេហទំព័រ https://cadastral.mlmupc.gov.kh

你可能还喜欢

评论被关闭。