សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយប្រតិភូហព័ន្ធស្រូវអង្ករកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពនិងសកម្មភាពការងាររបស់សហព័ន្ធ ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា ការប្រមូលទិញស្រូវពីប្រជាកសិករ ការរៀបចំសម្ងួត ការស្ដុកទុក និង ការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការសម្រួលការដឹកជញ្ជូន និង ការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់ ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា ឱ្យបានទូលំទូលាយ៕
评论被关闭。