ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការវិនិយោគវិស័យថាមពល សុខាភិបាល និង ទេសចរណ៍នៅកម្ពុជា
ប្រធានក្រុមហ៊ុន Evercore Asia លោក Keith Magnus បានបង្ហាញចំណាប់អាម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ សុខាភិបាល និង វិស័យទេសចរណ៍។
លោក Keith Magnus បានលើកឡើងក្នុងពេលចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
លោកបានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Evercore Asia ដែងមានបំណងវិនិយោគនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាលនៅក្នុងក្របខណ្ឌទូទាំងប្រទេស។
សម្ដេចធិបតីបានបន្តទៀតថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលរួមមានវិស័យកសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ និង វិស័យធនាគារ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងជំរុញការភ្ជាប់ទំនាក់ទំនងនិងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេសនិងនៅកម្ពុជា៕
评论被关闭。