សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជូនលោក លី ឈាង នាយករដ្ឋមន្ត្រីចិន សម្តែងនូវការសោកស្តាយចំពោះគ្រោះរញ្ជួយដីនៅចិន
ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជាការចូលរួមសោកស្តាយចំពោះគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តទីបេរបស់ចិន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការសោកស្ដាយយ៉ាងក្រៃលែងចំពោះគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារតំបន់ស្វយ័តទីបេ ដែលស្ថិតនៅភាគនិរតីប្រទេសចិន កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍សោកនាដកម្មនេះ បានបណ្តាលឱ្យបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ របួស និង ខូចខាតទ្រព្យសម្បត្តិជាច្រើន។
សម្តេចធិបតីបានថ្លែងថា៖ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលចិន និងចំពោះអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងគ្រោះមហន្តរាយនេះ។ ក្នុងគ្រានៃទុក្ខសោកនេះ ប្រជាជនកម្ពុជាឈរក្នុងសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនចិន ជាពិសេសអ្នកដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ ខ្ញុំមានទំនុកចិត្តយ៉ាងពេញទំហឹងថា ជាមួយនឹងការដឹកនាំរបស់លោក លី ឈាង និងភាពធន់របស់ប្រជាជនចិន តំបន់ដែលរងផលប៉ះពាល់នឹងត្រូវបានស្តារនិងកសាងឡើងវិញក្នុងពេលឆាប់ៗនេះ។
គ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រនៅក្រុង Shigatse នៃតំបន់ស្វយ័តទីបេប្រទេសចិន បានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បង្កឱ្យមនុស្សជាង ១០០ នាក់បានស្លាប់ របួសប្រមាណ ២០០ នាក់ ផ្ទះសម្បែងជាង ៣ ៦០០ ខ្នងត្រូវបានបំផ្លិចបំផ្លាញ និង មនុស្សប្រមាណ ៥ ម៉ឺននាក់ត្រូវបានជម្លៀសចេញទៅកន្លែងសុវត្ថិភាព៕
评论被关闭。