កម្ពុជានាំចេញអង្ករជាង ៦៥ ម៉ឺនតោនជាមួយចំណូលជិត ៥០០ លានដុល្លារក្នុងឆ្នាំ២០២៤

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្ពុជា​បាននាំចេញ​អង្ករ​បានចំនួន ៦៥១ ៥២២ តោន​ទៅក្រៅ​ប្រទេស ដោយទទួលបាន​ចំណូល ៤៩១,១៩ លាន​ដុល្លារអាម៉េរិក។

ក្នុងចំណោមអង្ករ ៦៥១ ៥២២ តោនដែលបាន​នាំចេញ មានអង្ករ​ចំនួន ៦៤៥ ៨៧២ តោន​បានឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ​នាំចេញ​ពីអជ្ញាធរ​មានសមត្ថកិច្ច តាមរយៈ​ក្រុមហ៊ុន​នាំចេញ​អង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់​គោលដៅ​ចំនួន ៦៨ ដែលក្នុងនោះ​ទៅកាន់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប​ចំនួន ​២៦ ​បានបរិមាណ​អង្ករ​ចំនួន ៣២៧ ១៥៦ តោន គិតជា​ទឹកប្រាក់​ចំនួន ២៥៣,១៨​ លានដុល្លារ  ទៅកាន់​ប្រទេសចិន (​រួមទាំង​ក្រុងហុងកុង​និងម៉ាកាវ) ចំនួន ១១៧ ៩២៥ តោន គិតជា​ទឹកប្រាក់​ចំនួន ៧៥,៦៦ លានដុល្លារ ទៅកាន់​ប្រទេស​ក្នុងអាស៊ាន​ចំនួន ៧ ប្រទេស (រួមទាំង​ទីម័រខាងកើត) ចំនួន  ១២៧ ០៧៦ តោន​ គិតជា​ទឹកប្រាក់​ចំនួន ៩២,៧០ លាន​ដុល្លារ និង ទៅកាន់​គោលដៅ​ ៣២ ប្រទេស​ផ្សេងទៀត​ រួមមាន​តំបន់​អាហ្វ្រិកនិងមជ្ឈិមបូព៌ា និងប្រទេស​កាណាដា អូស្ត្រាលី នូវែលសេឡង់ សហរដ្ឋអាម៉េរិក។ល។ បានចំនួន   ៧៩ ៣៦៥ តោន គិតជា​ទឹកប្រាក់​ចំនួន  ៦៩,៥៤ លានដុល្លារ។

ប្រភេទ​អង្ករ​ដែលកម្ពុជា​បាននាំចេញ​ទៅកាន់​ទីផ្សារ​បរទេស រួមមាន​អង្ករ​ក្រអូប​ចំនួន ៧៦,១៥% អង្ករ​សធម្មតា​ចំនួន ១៨,៧០% អង្ករ​ចំហុយ​ចំនួន ៣,១០% អង្ករ​សរីរាង្គចំនួន ១,៧៨%  និង អង្ករ​ផ្សេងៗ​ចំនួន ០,២៧%។

ទន្ទឹមនឹងនេះ នៅក្នុងឆ្នាំ២០២៤ កម្ពុជា​ក៏បាន​នាំចេញ​ស្រូវសើម​ចំនួន ៥ ១៨០ ១៥៥ តោន គិតជា​ទឹកប្រាក់​ប្រមាណ ១,៤៩៦ ប៊ីលាន​ដុល្លារ ក្នុងនោះស្រូវ ៨៩% បាននាំចេញ​ដោយឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ​នាំចេញ​ពីអាជ្ញាធរ​មានសមត្ថកិច្ច។

ក្នុងជំនួប​ជាមួយ​ប្រតិភូ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​និងសង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជាចាត់ទុក​ស្រូវជា​ដំណាំ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​កម្ពុជា និងបាន​ដាក់ចេញ​គោលនយោបាយ​ចាំបាច់​​ដើម្បី​គាំទ្រ​ដំណាំស្រូវ និងធានា​បាននូវ​ភាពប្រកួត​ប្រជែង​របស់​វិស័យ​ស្រូវអង្ករ​កម្ពុជា តាមរយ:​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ ការសម្រួល​ការដឹកជញ្ជូន និង ការកាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ក៏ដូចជា​ជំរុញ​ភាពម្ចាស់ការ​លើខ្សែច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក និងការ​នាំចេញ​ទៅកាន់​ទីផ្សារអន្តរជាតិ៕

你可能还喜欢

评论被关闭。