កម្ពុជានិងអារ៉ាប៊ីសាអ៊ូឌីតរួមគ្នាជំរុញទេសចរណ៍មូស្លីម ខណៈទេសចរអារ៉ាប៊ីសាអ៊ូឌីតមានត្រឹមប្រមាណ ៤០០ នាក់ក្នុងឆ្នាំ២០២៤

ប្រទេស​កម្ពុជា​និងអារ៉ាប៊ីសាអ៊ូឌីត​បានឯកភាព​គ្នាជា​ឯកច្ឆន្ទ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​មូស្លីម​នៅកម្ពុជា ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៅកម្ពុជា​ឱ្យមាន​ការរីកចម្រើន​ថែមទៀត​នាពេល​អនាគត។

កិច្ចសហប្រតិបត្តិការ​នេះបានសម្រេច​ឡើងក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងលោក ម៉ូហាម៉េដ អ៊ីស្មាអែល ដាលវី ឯកអគ្គរាជទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការ​ក្រសួង​ទេសចរណ៍ រាជធានី​ភ្នំពេញ។​

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍ ស្តីពី​លទ្ធផល​នៃជំនួប​ទ្វេភាគី​រវាង​លោក ហួត ហាក់ និងលោក  ម៉ូហាម៉េដ អ៊ីស្មាអែល ដាលវី បានឱ្យដឹងថា ក្រៅពី​កិច្ចសហប្រតិបត្តិខាងលើ លោក ហួត ហាក់ និងលោក ម៉ូហាម៉េដ អ៊ីស្មាអែល ដាលវី ក៏បាន​សម្រេច​រួមគ្នា​លើការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ឱ្យកាន់តែ​សកម្ម​ជាងមុន និងពិនិត្យ​លទ្ធភាព​រៀបចំ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ ដោយមាន​ការចូលរួម​ពីផ្នែកឯកជន​នៃប្រទេស​ទាំងពីរ ដើម្បី​ដកស្រង់​បទពិសោធ និងរៀបចំ​ជាកញ្ចប់​ទស្សនកិច្ច​ប្រកបដោយ​គុណភាព​សម្រាប់​ភ្ញៀវទេសចរ​ប្រទេស​ទាំងពីរ។

ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា ​ក្នុងការ​ជំរុញ​ការផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ឱ្យកាន់តែ​ទូលំទូលាយ​ថែមទៀត។

របាយការណ៍​ក្រសួង​ទេសចរណ៍​បានបង្ហាញថា ក្នុងចំណោម​ទេសចរ​បរទេស​ជាង ៦,៧ លាន​នាក់ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អារ៉ាប៊ីសាអ៊ូឌីតប្រមាណតែ ៤០០ នាក់​ប៉ុណ្ណោះ​ក្នុងឆ្នាំ២០២៤៕

你可能还喜欢

评论被关闭。