ផលិតកម្ម ឌូបៃ ជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក តាមរយៈការថតភាពយន្ត

ផលិតកម្ម ឌូបៃ (Daubai Production) នឹង​ចូលរួម​ជួយផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ពិភពលោក តាមរយៈ​ការថត​ភាពយន្ត​នៅកម្ពុជា។

ប្រតិភូ​និងក្រុមការងារ​ផលិតកម្ម ឌូបៃ បានធ្វើ​ដំណើរ​មកដល់ប្រទេស​កម្ពុជាកាលពី​ព្រឹក​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដោយទទួល​បាននូវការ​ស្វាគមន៍​យ៉ាងកក់ក្តៅ​ពីសំណាក់​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា និងលោកស្រី Laurence ERBS នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន នៅអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ក្រសួង​ទេសចរណ៍​បានឱ្យដឹងថា ការថត​ខ្សែភាពយន្តនៅកម្ពុជា​របស់​ផលិតកម្ម ឌូបៃ មានការ​ចូលរួម​ពីក្រសួង​ទេសចរណ៍ និងកិច្ចសហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ស្ថានទូត​កាហ្សាក់ស្ថាន​ប្រចាំកម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅទីក្រុង​ហាណូយ ប្រទេសវៀតណាម និងក្រុមការងារ​ផលិតកម្ម ឌូបៃ ចំនួន ៣៧ រូប រួមមាន​តារា​ល្បីៗ​ប្រចាំ​ប្រទេស​ចំនួន ១០ រូប ដែលម្នាក់ៗ​មានអ្នកគាំទ្រ​ផ្ទាល់ខ្លួន​ជាង ១ លាននាក់​ មកពី​កាហ្សាក់ស្ថាន។

ផលិតកម្ម ឌូបៃ គ្រោងនឹង​ផលិត​វីដេអូ​ភាពយន្ត​នៅកម្ពុជា​ស្តីពី “ដំណើរ​កម្សាន្ត​នៃគូស្នេហ៍​ចំនួន ៥ គូ ពីប្រទេស​កាហ្សាក់ស្ថាន​មកទស្សនា​ប្រទេស​កម្ពុជា”។ ការថត​ភាពយន្តនេះ ចាប់ផ្តើម​ពីថ្ងៃ​ទី១០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានី​ភ្នំពេញ ខេត្តព្រះសីហនុ និង តំបន់​គោលដៅ​ទេសចរណ៍​ផ្សេងៗ​ទៀត ជាពិសេស​នៅតំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប។

នេះជា​លើកទីមួយ​ហើយដែលប្រទេស​កាហ្សាក់ស្ថាន​ជ្រើសរើស​កម្ពុជា​សម្រាប់​ថតខ្សែភាពយន្ត ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ទៅកាន់​ឆាកអន្តរជាតិ៕

你可能还喜欢

评论被关闭。