រោងចក្រផលិតសម្បកកង់រថយន្ត WANLI នៅខេត្តស្វាយរៀងបើកការដ្ឋានសាងសង់ជាផ្លូវការ
ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ រោងចក្រផលិតសម្បកកង់រថយន្ត WANLI នៅខេត្តស្វាយរៀង បានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសម្បកកង់រថយន្ត WANLI លោក វ៉ាង វិនពីន បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់រោងចក្រផលិតសម្បកកង់ WANLI នៅកម្ពុជា នាដើមឆ្នាំ២០២៥នេះ ជាសញ្ញាវិជ្ជមានសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជា វាក៏ជាសញ្ញាមួយដែលបង្ហាញឱ្យឃើញថា ក្នុងឆ្នាំថ្មីនេះ មានក្រុមហ៊ុនចិនកាន់តែច្រើននឹងមកកម្ពុជាដើម្បីវិនិយោគនិងចាប់ផ្តើមអាជីវកម្ម។
លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងកម្ពុជានិងចិន ហើយនឹងបន្តរឹតបន្តឹងចំណងមិត្តភាពទំនាក់ទំនងការទូតមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាមិត្តដែកថែប រួមទាំងការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ និង ពង្រឹងទំនុកចិត្តផ្នែកនយោបាយដែលកសាងឡើងដោយថ្នាក់ដឹកនាំមុនៗ។
លោកក៏បានលើកឡើងអំពីតួលេខនៃការកើនឡើងរបស់គម្រោងវិនិយោគ ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុចាផ្តល់ជូនវិនិយោគិនទាំងអស់ ក្នុងនោះរួមមាន៖ (១) កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្ត (៣) ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរគ្រប់វិស័យ ជាពិសេសភាពអំណោយផលនៃលក្ខខណ្ឌនិងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីធ្វើការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគនៅកម្ពុជា។ បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២ តំបន់ ក្នុងនោះមាន ២៨ តំបន់កំពុងដំណើរការ ហើយតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានស្រូបយកគម្រោងវិនិយោគផលិតសម្បកកង់រថយន្តចំនួន ២ ក្នុងចំណោមគម្រោងវិនិយោគផលិតសម្បកកង់យានយន្តទាំង ៦ ដែលមានវត្តមាននៅកម្ពុជា។
ការដាក់ទុនវិនិយោគកម្រោងរោងចក្រផលិតសម្បកកង់រថយន្ត WANLI នៅកម្ពុជា គឺកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាងលោក ស៊ុន ចាន់ថុល និងលោក ជីង គ័ងជីន (Jing Guangjun) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនវិនិយោគឧស្សាហកម្ម ក្វាងចូវ (Guangzhou Industrial Investment Holding Group) ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ WANLI នៅទីក្រុង ក្វាងចូវ ប្រទេសចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។
គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត ខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតឱកាសការងារប្រមាណ ១ ០០០ កន្លែង។ គម្រោងនេះជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជានិងសម្រាប់ខេត្តស្វាយរៀងផ្ទាល់ ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្មនិងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់៕
评论被关闭。