កម្ពុជានិងអ៊ីរ៉ង់នឹងបង្កើនកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត

ក្រសួង​សុខាភិបាល​កម្ពុជា​និងអ៊ីរ៉ង់ នឹងបង្កើន​កិច្ចសហប្រតិបត្តិការ​លើគម្រោង​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​វះកាត់​ដោយរ៉ូបូត និង​លទ្ធភាព​នៃការវិនិយោគ​លើការ​នាំចូល​ផលិតផល​ឱសថ ឧបករណ៍​វេជ្ជសាស្ត្រ និង វ៉ាក់សាំង​។

ការបង្កើន​កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើង​ក្នុងជំនួប​រវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជានិងលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការ​ក្រសួង​សុខាភិបាល រាជធានី​ភ្នំពេញ។

នៅក្នុងជំនួបនោះ លោក Ali Akbar Nazari បានវាយ​តម្លៃខ្ពស់​ទៅលើការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស​និងឥតឈប់ឈរ​របស់​កម្ពុជា ក្នុងនោះ​​សុខាភិបាលគឺជា​វិស័យ​ដែលមាន​វឌ្ឍនភាព​យ៉ាងឆាប់រហ័ស​បំផុត​មួយផងដែរ។ លោកបាន​បញ្ជាក់​ពីជំហរ​របស់​អ៊ីរ៉ង់ ក្នុងការ​ពង្រឹង​និងបង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ការសិក្សា​លទ្ធភាព​រៀបចំ​អនុស្សរណៈ​នៃការ​យោគយល់គ្នា លើគម្រោង​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សុខាភិបាល ដែលរួមមាន​ការផ្លាស់ប្តូរ​ចែករំលែក​ចំណេះដឹង និងបទពិសោធន៍​នៃបច្ចេកវិទ្យា​វះកាត់​ដោយរ៉ូបូត ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​និងអ្នកសិក្សា​ស្រាវជ្រាវ ព្រមទាំង​លទ្ធភាព​នៃការវិនិយោគ​លើការនាំចូល​ផលិតផល​ឱសថ ឧបករណ៍​វេជ្ជសាស្ត្រ និង វ៉ាក់សាំងផងដែរ។

ជាការឆ្លើយតប លោក ឈាង រ៉ា បានសម្តែង​នូវការ​កោតសរសើរ​ដល់ការ​រីកចម្រើន​របស់​អ៊ីរ៉ង់ និងបានបញ្ជាក់ថា នឹងពិនិត្យ​មើលលទ្ធភាព​រៀបចំ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សុខាភិបាល​នៃប្រទេស​ទាំងពីរ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឈានទៅ​សម្រេចបាន​ការគ្របដណ្តប់​សុខភាព​ជាសកល ស្របតាម​ផែនការ​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាល​កម្ពុជា៕

你可能还喜欢

评论被关闭。