កម្ពុជា-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ប្រទេសទាំងពីរ
កម្ពុជានិងជប៉ុនបានឯកភាពគ្នាជាឯកច្ឆន្ទក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ តាមរយៈពិព័រណ៍ទេសចរណ៍ពិភពលោកនិងកម្មវិធីពាក់ព័ន្ធផ្សេងៗទៀត។
ឯកភាពគ្នាជាឯកច្ឆន្ទក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុននេះ ធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជានិងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ រាជធានីភ្នំពេញ។
នាឱកាសនៃជំនួបនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន តាមរយៈព្រឹត្តការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅប្រទេសជប៉ុន (Japan Expo) ការជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជានិងជប៉ុន ការរៀបចំទស្សនកិច្ចស្វែងយល់ពីទេសចរណ៍កម្ពុជា (FAM Trip) សម្រាប់ជំនួបរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការថតវីដេអូស្តីពីទេសចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ជប៉ុនឱ្យកាន់តែទូលំទូលាយ និងបង្កើនការទិញ-លក់កញ្ចប់ទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានច្រើនបន្ថែមទៀត។
ក្នុងឱកាសនោះផងដែរ លោក UENO Atsushi បានឱ្យដឹងថា ជប៉ុននឹងបន្តជួយផ្សព្វផ្សាយអំពីស្ថានភាពសង្គម សន្តិសុខ និង សុវត្ថិភាពពិតនិងល្អប្រសើរនៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង ធុរជនជប៉ុន។
ជាការឆ្លើយតប លោក ហួត ហាក់ បានថ្លែងអំណរគុណចំពោះប្រជាជននិងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងតែគាំទ្រនិងជួយដល់កិច្ចអភិវឌ្ឍរបស់កម្ពុជា ជាពិសេស ជប៉ុនបានជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាដល់គ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសជប៉ុន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានការអភិវឌ្ឍនិងរីកចម្រើនកាន់តែខ្លាំងថែមទៀត៕
评论被关闭。