ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានជាង ១៥ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤
របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេរភាគី កម្ពុជា-ចិន សម្រេចបានជាង ១៥ ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ កើនឡើងជិត ២៤% បើធៀបនឹងឆ្នាំ២០២៣ ដែលមានជាង ១២ ប៊ីលានដុល្លារ។
GDCE បានបង្ហាញថា គិតចាប់ពីដើមខែមករាដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤ ការនាំចេញពីកម្ពុជាទៅចិនសម្រេចបានជាង ១,៧៥ ប៊ីលានដុល្លារ កើនឡើង ១៨,៤% ខណៈការនាំចូលពីចិនមកកម្ពុជាសម្រេចបានជាង ១៣,៤៣៩ ប៊ីលានដុល្លារ កើនឡើងប្រមាណ ២៤,៦%។ សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជាមានឱនភាពរហូតទៅដល់ជាង ១១,៦៨៩ ប៊ីលានដុល្លារ។
ការកើនឡើងជាលំដាប់ទាំងការដោះដូរទំនិញនិងលំហូរវិនិយោគកម្ពុជា-ចិន គឺផ្តើមចេញពីប្រទេសទាំងពីរបានអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មជាច្រើន (អង្ករ ដំឡូងមី ម្រេច មៀនប៉ៃលិន ស្វាយ និង ចេកជាដើម) ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈដែលកម្ពុជាបាននិងកំពុងតែទាក់ទាញវិនិយោគិនចិននិងអ្នកវិនិយោគនៃបណ្តាប្រទេសផ្សេងៗទៀតជាច្រើន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាសម្រាប់នាំចេញទៅប្រទេសចិនផងដែរ។
ចិនត្រូវបានទទួលស្គាល់ថា ជាប្រទេសដ៏សំខាន់មួយដែលផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេររបស់កម្ពុជា ហើយចិនក៏ជាប្រភពផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំមួយរបស់កម្ពុជា ស្របពេលដែលផលិតផលចំណីអាហារនិងម្ហូបមួយចំនួន ក៏ត្រូវបានកម្ពុជានាំចូលពីចិនដើម្បីបំពេញតម្រូវការក្នុងស្រុកផងដែរ៕
评论被关闭。