សម្ដេចតេជោ ហ៊ុន សែន៖ អ៊ីរ៉ង់អាចជួយពង្រឹងសន្ដិសុខថាមពលកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​បានថ្លែងថា អ៊ីរ៉ង់​មានសមត្ថភាព​ខ្ពស់ផ្នែកបច្ចេកវិទ្យា​និងថាមពល អ៊ីរ៉ង់​អាចជួយ​​ពង្រឹង​សន្តិសុខ​ថាមពល​របស់​កម្ពុជា។

នាឱកាស​ជំនួប​ជាមួយលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំកម្ពុជានៅវិមាន​ព្រឹទ្ធសភា​កម្ពុជា កាលពី​ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ​បាន​ថ្លែង​កោតសរសើរ​លើសមត្ថភាព​ខ្ពស់របស់​អ៊ីរ៉ង់​ក្នុង​វិស័យ​​បច្ចេក​វិទ្យា​​និងថាមពល ហើយអ៊ីរ៉ង់​អាច​គាំទ្រ​ដល់កម្ពុជា​ក្នុងការពង្រឹង​សន្ដិសុខ​​ថាមពល​។

ទន្ទឹមនឹងនេះ សម្ដេចតេជោ​ក៏បាន​ផ្ដល់អនុសាសន៍​គាំទ្រ​ដល់អ៊ីរ៉ង់​ក្នុងការ​​លើកកម្ពស់​ភាពជា​ដៃគូ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម តាមរយៈ​ការជំរុញស្នូល​ទៅលើ​ការបង្កើត​គណៈកម្មការ​ចម្រុះ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹង​ក្លាយជា​យន្តការ​ផ្លាស់ប្តូរ​ការពិភាក្សា​គ្នាទៅលើ​វិស័យសេដ្ឋកិច្ច​និងពាណិជ្ជកម្ម ក៏ដូចជា​វិស័យ​ផ្សេងៗទៀត។

លោក Ali Akbar Nazari បានលើកឡើង​អំពី​​ទំនាក់​ទំនង​រវាង​អ៊ីរ៉ង់​និងកម្ពុជា ដែលជា​ទំនាក់​ទំនង​មិត្តភាព​និងស្ថាបនា ដើម្បី​ពង្រឹង​សន្ទុះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ លោក​បាន​​ស្នើជំរុញ​ឱ្យមាន​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​រវាង​​ប្រទេស​ទាំងពីរ​ឱ្យបាន​​ញឹកញ៉ាប់​ផងដែរ។

លោកបន្ថែមថា ​អ៊ីរ៉ង់​គាំទ្រ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​និងធ្វើទំនើបកម្ម​វិស័យ​សុខភាព​សាធារណៈ ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យ​បច្ចេកវិទ្យា វិស្វកម្ម ឧស្សាហកម្ម និង វិស័យ​ដទៃទៀត ដូចជា​ទេសចរណ៍​ជាដើម៕

你可能还喜欢

评论被关闭。