ចិនចង់ផ្សារភ្ជាប់បច្ចេកវិទ្យារបស់ខ្លួនជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

សមាគម​អ៊ីនធើ​ណិតខេត្តគុយចូវ (Guizhou) ប្រទេសចិន មានបំណង​ចង់ផ្សារភ្ជាប់​បច្ចេកវិទ្យា​របស់ខ្លួន ជាមួយ​សហគ្រាស​ធុនតូច​និងមធ្យម​នៅកម្ពុជា ដើម្បី​​អភិវឌ្ឍ​នាវានុវត្តន៍​បច្ចេកវិទ្យា​ និងបំពេញ​តម្រូវការ​ជាក់ស្តែងសម្រាប់​សហគ្រាស​ធុនតូច​និងមធ្យម​ដែលកំពុង​មានវត្ត​​នៅកម្ពុជា។

នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធុរកិច្ច​មកពី​សមាគម​អ៊ីនធើ​ណិត​ខេត្តគុយចូវ នៅទីស្តីការ​ក្រសួង​ឧស្សាហកម្ម រាជធានី​ភ្នំពេញ។ ភាគី​​ទាំងពីរ​បានពិភាក្សាលើ​ការអភិវឌ្ឍ​នវានុវត្តន៍​បច្ចេកវិទ្យា សម្រាប់​បំពេញ​តម្រូវការ​របស់​សហគ្រាស​ធុនតូច​និងមធ្យម​នៅកម្ពុជា។

លោក អ៊ី ជីនហ្វាង (Yu Junfang) ប្រធាន​សមាគម​អ៊ីនធើណិត​ខេត្តគុយចូវ បាន​លើកឡើង​ពីបទពិសោធន៍​នៃបរិវត្តកម្ម​បច្ចេកវិទ្យា​របស់​ខេត្តគុយចូវ ​ដោយបាន​ប្រែក្លាយ​ពីខេត្ត​ដែលមាន​ការអភិវឌ្ឍ​តិចតួច​នៅក្នុង​ប្រទេស ទៅជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ឈានមុខ​មួយ ក្នុងរយៈពេល​ត្រឹមតែ ១ ទសវត្សរ៍ តាមរយៈ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) និង ៥G ដើម្បី​ធ្វើទំនើបកម្ម​ឧស្សាហកម្ម​និងសេដ្ឋកិច្ច​របស់​ខេត្ត។

លោកបន្ថែមថា សមាគមមាន​បំណង​ចង់រៀបចំ​កម្មវិធី​ផ្គូផ្គង​អាជីវកម្ម ដើម្បី​ផ្សារភ្ជាប់​ក្រុមហ៊ុន​បច្ចេក​​វិទ្យា​​​​ចិនជាមួយ​សហគ្រាស​ធុនតូច​និងមធ្យម​នៅកម្ពុជា ក្នុងគោលដៅ​ជំរុញ​ការផ្ទេរ​ចំណេះដឹង​និងបង្កើត​ភាពជា​ដៃគូ​ដ៏រឹងមាំ។ លោកក៏បាន​បង្ហាញពី​ចំណាប់​អារម្មណ៍​របស់​សមាគម​ក្នុងការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​បច្ចេកវិទ្យា​រួមគ្នា​ជាមួយ​កម្ពុជា ដែលអាចនឹង​ដាក់ឱ្យ​ដំណើរការ​ដំណោះស្រាយ​បច្ចេកវិទ្យា​មួយចំនួន​នៅក្នុង​ទិវាជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកទី៣ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

ជាការឆ្លើយតប លោក ហែម វណ្ណឌី បានកោតសរសើរ​ជោគជ័យ​របស់​ខេត្តគុយចូវថា ជាគំរូ​ដ៏ល្អ​មួយ ដោយផ្សារភ្ជាប់​នឹងកិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈដែល​កម្ពុជា​កំពុង​ត្រៀមចាកចេញ​ពីឋានៈ​ជាប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅឆ្នាំ២០២៩។

លោកបាន​លើកឡើងថា កម្ពុជា​កំពុង​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច និងលើកកម្ពស់​ផលិតភាព​របស់​ខ្លួន ដោយជំរុញឱ្យ​ឧស្សាហកម្ម​ក្នុងស្រុក​ចាប់យក​បច្ចេកវិទ្យា​ទំនើបៗ និងប្រើប្រាស់​ភាគលាភ​ប្រជាសាស្រ្ត ស្របតាម​អាទិភាព​ជាយុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​នវានុវត្តន៍​បច្ចេកវិទ្យា។

លោក ហែម វណ្ណឌី ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​គោលដៅ​របស់​សមាគម ក្នុងការ​កៀរគរ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាតតូច​និងមធ្យម​របស់ចិន ដើម្បី​ធ្វើជា​ដៃគូ​បង្កើត​ដំណោះស្រាយ​សម្រាប់​បរិបទកម្ពុជា។

នាឱកាស​ជំនួប​នេះផងដែរ គណៈប្រតិភូ​ធុរកិច្ច​ចិនបានបង្ហាញ​ពីគម្រោង​ជោគជ័យ​មួយចំនួន​ក្នុងវិស័យ​ទេសចរណ៍ បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង ថ្នាលបច្ចេកវិទ្យា​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល។ ភាគីចិន​​បានស្នើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​កម្ពុជា ដោយប្រើប្រាស់​ជំនាញ​បច្ចេកវិទ្យា​របស់​ខ្លួន ដើម្បី​បង្កើត​ដំណោះស្រាយ​ជាក់លាក់​សម្រាប់​កម្ពុជា។

你可能还喜欢

评论被关闭。