រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas តម្លៃ ៩០ លានដុល្លារនៅកម្ពុជា នឹងបើកដំណើរការផលិតកម្មក្នុងពេលឆាប់ៗនេះ
រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas ដើម្បីនាំចេញទៅបណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និង អឺរ៉ុប ដែលក្រុមហ៊ុន Sunfair Garment វិនិយោគក្នុងទុនសរុបចំនួន ៩០ លានដុល្លារអាម៉េរិក នឹងបើកដំណើរការផលិតកម្មក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងបង្កើតការងារប្រមាណ ៤ ០០០ កន្លែង។
គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas នេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំប្រមាណ ៣៣ ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
Sun Fair Garment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment បានវិនិយោគលើការកាត់ដេរសម្លៀកបំពាក់ល្បីៗ ដូចជាម៉ាក Adidas Nike Polo Puma និង Lululemon ជាដើម។ ក្រុមហ៊ុន Marvel Garment បានចាប់ដំណើរការវិនិយោគនៅកម្ពុជានាខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០ លានដុល្លារ វិនិយោគលើផ្ទៃដីទំហំ ៤៥ ហិកតា និងបានបង្កើតការងារចំនួនជាង ១,៣ ម៉ឺនកន្លែង។
កម្ពុជានៅតែបន្តទទួលបានគម្រោងវិនិយោគជាច្រើន ជាក់ស្តែង កាលពីពេលថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១៥០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៩ ០០០ កន្លែង។
ដោយឡែក យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង៕
评论被关闭。