ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានតម្លៃជិត ១,៩ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤

ការនាំចេញ​ទំនិញ​ពីតំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) មានទំហំជិត ១,៩ ប៊ីលាន​ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ កើនឡើង ១៦% ធៀបនឹងឆ្នាំ២០២៣។

យោងតាម​សេចក្តី​ប្រកាសព័ត៌​របស់ RGPPSEZ ចេញផ្សាយ​នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្រាប់​ឆ្នាំ​២០២៤​កន្លងទៅ ​តម្លៃនាំចេញពី RGPPSEZ បានកើនឡើងដល់ ១,៨៨ ប៊ីលានដុល្លារ កើនឡើង ១៦% ធៀបនឹងឆ្នាំ២០២៣ ដោយបាន​រួមចំណែក​ប្រមាណ ៧% នៃតម្លៃ​នាំចេញ​សរុប​របស់​កម្ពុជា​ ដែលមាន​តម្លៃ ២៦,៦៦៤ ប៊ីលានដុល្លារ។

​RGPPSEZ បានបង្កើតឡើង​ក្នុងឆ្នាំ២០០៦ បច្ចុប្បន្ន​ទទួលបាន​ការវិនិយោគ​ពី ១១៣ ក្រុមហ៊ុន​មកពី ១៥ ​ប្រទេស​ជុំវិញ​សកលលោក ដោយវិនិយោគ​លើវិស័យ​ឧបករណ៍​អេឡិចត្រូនិក​និងអគ្គិសនី​ ការដំឡើង​រថយន្ត​និងគ្រឿងបង្គុំ​រថយន្ត។ ក្រុមហ៊ុន​ឧស្សាហកម្ម​ទាំងនេះ បានបង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​​ចំនួន ៤៧ ៨០០​ នាក់ និងអ្នកជំនាញ​បរទេស​ចំនួន ៧០០ នាក់។

RGPPSEZ បានឱ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំ តម្លៃ​នៃការនាំចេញ​ទំនិញ​បានកើនឡើង​ទ្វេដង គឺពី ៣១៦ លានដុល្លារ​ក្នុងឆ្នាំ២០១៦ ដល់ ៦៨៣ លានដុល្លារ​ក្នុងឆ្នាំ២០២១ ហើយការនាំចេញ​បានកើនឡើង​ទ្វេដង​ម្តងទៀត​ក្នុងរយៈពេល​ត្រឹមតែ ២ ឆ្នាំ​ប៉ុណ្ណោះ ដោយឈានដល់ ១,៦២១ ប៊ីលាន​ដុល្លារក្នុងឆ្នាំ២០២៣៕

你可能还喜欢

评论被关闭。