រាជរដ្ឋាភិបាលលកម្ពុជាដាក់ចេញវិធានការ ២ សំខាន់ ដោះស្រាយបញ្ហាកសិផលស្រូវអង្ករ
នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន ដាក់ចេញនូវវិធានការ ២ សំខាន់ ដើម្បីដោះស្រាយបញ្ហាស្រូវអង្ករកម្ពុជា ដោយគ្រោងថវិកាសរុបប្រមាណ ២២០ លានដុល្លារអាម៉េរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការចំនួន ២ ដើម្បីដោះស្រាយបញ្ហាស្រូវអង្ករក្នុងស្រុក ដោយទី១ជាវិធានការផ្ទាល់ និងទី២ជាវិធានការប្រយោល។ ក្នុងនោះ វិធានការផ្ទាល់ សម្រេចបានដូចជា៖ ការបញ្ចេញថវិកា ៤០ លានដុល្លារ បញ្ជូនទៅរោងម៉ាស៊ីនកិនស្រូវសម្រាប់ទទួលទិញស្រូវ សម្រាប់បង្វិលប្រមូលទិញកសិផល និងគ្រោងថវិកាបន្ថែម ៣០ លានដុល្លារបន្ថែម សម្រាប់ទិញនិងបង្វិលស្រូវបន្ថែម រួមនឹងយន្តការធានាឥណទានសម្រាប់ធានាទិញអង្ករនូវថវិកាជាង ១៥០ លានដុល្លារបន្ថែមទៀត។ ចំណែកវិធានការប្រយោល គឺគោលដៅសំខាន់ក្នុងការកាត់បន្ថយថ្លៃដើមនៃការផលិត តាមរយៈការមិនយកពន្ធលើដីកសិកម្មរបស់ប្រជាកសិករ ការមិនយកពន្ធអាករលើឧបករណ៍ សម្ភារៈកសិកម្ម វត្ថុធាតុដើម ពូជដំណាំនិងជី កាត់បន្ថយថ្លៃអគ្គិសនី និង ការចងក្រងបង្កើតសហគមន៍កសិកម្មទំនើប។
សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា កសិកម្មគឺជាវិស័យអាទិភាពសំខាន់ណាស់ ក្នុងការធានាដល់សន្តិសុខស្បៀងរបស់យើង ដែលរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះអ្នកផលិតនិងអ្នកប្រើប្រាស់។ ចំពោះអ្នកផលិត រាជរដ្ឋាភិបាលធានាអំពីតម្លៃនិងទីផ្សារ តាមរយៈគុណភាពនិងថ្លៃដើម ឯអ្នកប្រើប្រាស់ រាជរដ្ឋាភិបាលធានាតម្លៃសមរម្យនិងមិនឱ្យឡើងថ្លៃពេក។ ក្នុងន័យនេះ ចំពោះអ្នកផលិតកសិផលជាស្រូវ បន្ថែមពីលើការគិតគូរលើថ្លៃលក់និងទីផ្សារសម្រាប់លក់ យើងត្រូវគិតគូរជាច្រើនដំណាក់កាល៖ ដំណាក់កាលទី១ គឺត្រូវមានដីសម្រាប់ដាំដុះ ដំណាក់កាលទី២ គឺត្រូវមានទឹកសម្រាប់ស្រោចស្រព ដំណាក់កាលទី៣ គឺត្រូវមានផ្លូវ ភ្លើងសម្រាប់ដឹកជញ្ជូនកសិផលឬបូមទឹក/ប្រើប្រាស់និងស្រោចស្រព និង ដំណាក់កាលទី៤ គឺទីផ្សារសម្រាប់លក់ដូរ ដោយគិតទាំងក្នុងស្រុកនិងក្រៅស្រុក៕
评论被关闭。