កម្ពុជា-ហ្វីលីពីនឯកភាពគ្នាបង្កើនជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរ
កម្ពុជានិងហ្វីលីពីនបានឯកភាពគ្នាក្នុងការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ រវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។
ការឯកភាពបង្កើនជើងហោះហើរត្រង់នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជានិងលោកស្រី MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ដែលជាជំនួបពិភាក្សាការងារ និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ហ្វីលីពីន។
ភាគីទាំងពីរបានពិនិត្យលើកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នា ដើម្បីពន្លឿនការចុះហត្ថលេខាកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នានេះក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ហ្វីលីពីននាពេលដ៏ខ្លីខាងមុខ និងជំរុញវឌ្ឍនភាពវិស័យអាកាសចរណ៍ប្រទេសទាំងពីរ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ភ្ញៀវទេសចរកម្ពុជា-ហ្វីលីពីន។
គួររម្លឹកថា កម្ពុជានិងហ្វីលីពីនមានជើងហោះហើរត្រង់លើកដំបូង ពីរាជធានីភ្នំពេញ-រដ្ឋធានីម៉ានីលនៅខែមេសា ឆ្នាំ២០១៩ ពោលគឺតាំងពីឆ្នាំ១៩៧០ ដល់ខែមេសា ឆ្នាំ២០១៩ កម្ពុជាមិនទាន់មានជើងហោះហើរត្រង់ណាមួយពីភ្នំពេញទៅមកម៉ានីលឡើយ។ ខណៈដែលពេលនោះប្រទេសទាំងពីរមានតែជើងហោះហើរត្រង់ពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ក្រុងសៀមរាប ប្រទេសកម្ពុជាតែប៉ុណ្ណោះ៕
评论被关闭。