លោកជំទាវ ពេជ ចន្ទមុន្នី វាយតម្លៃខ្ពស់ចំពោះតួនាទីមន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋានបន្តជួយគាំទ្រ

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធាន​កិត្តិយស​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានជួប​សំណេះ​សំណាល​ជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និង បុគ្គលិក ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា នៅមន្ទីរពេទ្យ​គន្ធបុប្ផា​វត្តភ្នំ រាជធានី​ភ្នំពេញ។​

នាឱកាស​នៃជំនួបនេះ លោកជំទាវ ពេជ ចន្ទមុន្នី បានថ្លែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​តួនាទី​ដ៏សំខាន់​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយបាន​ចាត់ទុក​ក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យ​គន្ធបុប្ផា ជារបាំងការងារ​និងបានដណ្តើម​ជីវិត​កុមារ​កម្ពុជា​រាប់ពាន់​រាប់ម៉ឺននាក់​ពី​ចង្កូមមច្ចុរាជ តាមរយៈ​ការព្យាបាល​និងថែទាំ​យ៉ាងយកចិត្ត​ទុកដាក់ និងប្រកបដោយ​ប្រសិទ្ធភាពខ្ពស់​ចំពោះអ្នកជំងឺ។ មិនត្រឹមតែប៉ុណ្ណោះ មានកុមារ​មួយចំនួន​ដែលធ្លាប់​ទទួលបាន​ការព្យាបាល​ឱ្យរស់រាន​មានជីវិត ក្រោយមក​បានក្លាយជា​គ្រូពេទ្យ​និងបាន​ជួយព្យាបាល​អ្នកជំងឺ​ដទៃទៀតផងដែរ ហើយខ្លះទៀត​បានក្លាយជា​ធនធាន​មនុស្ស​ដ៏មាន​តម្លៃ​សម្រាប់​សង្គម​កម្ពុជា ដែលបច្ចុប្បន្ន​ពួកគាត់​កំពុងតែ​បម្រើ​ការងារ និងកាន់តួនាទី​សំខាន់ៗ​នៅក្នុង​រាជរដ្ឋាភិបាល​និងវិស័យ​ឯកជន។

លោកជំទាវ​​បានបង្ហើប​ឱ្យដឹងថា កន្លងមក​លោកជំទាវ​ធ្លាប់បាន​សាកសួរ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេចតេជោ (TYDA) អំពី​មូលហេតុ​ដែលចាប់យក​អាជីព​គ្រូពេទ្យ​នេះ ដោយក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មួយបាន​ឱ្យដឹងថា  ព្រោះតែ​កាលពី​គាត់នៅតូច​ធ្លាប់ទទួលបាន​ការព្យាបាលនិងអាច​រស់រាន​មានជីវិត​មកទល់​សព្វថ្ងៃនេះបាន គឺដោយសារ​មន្ទីរពេទ្យ​គន្ធបុប្ផា ហេតុដូច្នេះ​ហើយទើបគាត់​សម្រេច​ចាប់យក​អាជីព​ជាគ្រូពេទ្យ ដើម្បី​បានជួយ​សង្គ្រោះ​អាយុជីវិត​កុមារ​ដទៃទៀត។

បន្ទាប់ពី​ត្រូវបានបិទទ្វារ​ដោយសារ​តែរបប​ប្រល័យ​ពូជសាសន៍​ប៉ុលពត មន្ទីរពេទ្យ​គន្ធបុប្ផា​បានបើក​ដំណើរការ​ឡើងវិញ​នៅឆ្នាំ១៩៩២ ដែលគិត​មកទល់​បច្ចុបន្ននេះ មន្ទីរពេទ្យ​នេះបាន​បើកដំណើរការ​ឡើងវិញ​បានរយៈពេល​ប្រមាណ ៣៣ ឆ្នាំហើយ។ ក្នុងឆ្នាំ២០២៤កន្លងទៅ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​និងសៀមរាប បានពិនិត្យ​និងព្យាបាល​លើកុមារ ទារក និង ស្ត្រីមាន​ផ្ទៃពោះ ឆ្លងទន្លេ ដោយឥត​គិតថ្លៃ​សរុប ១ ២៥៣ ៧៧៤ ករណី ខណៈ​ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យ​នេះត្រូវ​ចំណាយ​ថវិកាជាង ៤០ លាន​ដុល្លារអាម៉េរិក។

ក្នុងឱកាស​នៃ​ពិធី​សំណេះ​សំណាល​នេះ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក៏បានទទួល​ថវិកា​បរិច្ចាគ​ពីក្រុមហ៊ុន​ ជីប ម៉ុង ចំនួន ១ លាន​ដុល្លារអាម៉េរិកផងដែរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ទុក​ការបរិច្ចាគ​របស់​សប្បុរសជន​នានា​ជូនមន្ទីរពេទ្យ ដើម្បី​ទ្រទ្រង់​ការព្យាបាល​ជំងឺ​កុមារ​ដោយឥតគិតថ្លៃ គឺជា​ការធ្វើទាន​មួយដ៏ត្រឹមត្រូវ ពីព្រោះ​បានជួយ​ស្រោចស្រង់​អាយុ​ជីវិត​កុមារផង និងជួយឱ្យ​កុមារ​ទាំងនោះ​ទទួលបាន​ឱកាស​និងអនាគតល្អ ក៏ដូចជា​បានជួយដល់​សង្គមជាតិ​ទាំងមូល។ លោកជំទាវ​ក៏បាន​​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​​បរិច្ចាគ​ពីគ្រប់មជ្ឈដ្ឋាន ​ដើម្បី​​គាំទ្រ​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។

បន្ទាប់​ពី​​ពិធី​សំណេះ​សំណាលនិង​ទទួល​ថវិកា​បរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក៏​បាន​ចុះសួរ​សុខទុក្ខ​​កុមារនិងទារក ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជា​ពិសេស​កុមារ​និងទារក​ដែល​កើត​​ជំងឺមហារីក ព្រមទាំងផ្តល់ជូន​នូវក្តីស្រឡាញ់​ផងដែរ៕

你可能还喜欢

评论被关闭。